
លោក Felix ថា U-23 កម្ពុជារៀបចំរួចរាល់ហើយពេលប៉ះអូស្ត្រាលី ស្អែកនេះ
សមាជិកក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម២៣ឆ្នាំកម្ពុជាបានបន្តប្រមូលផ្តុំហ្វឹកហាត់តាំងពីជួយក្រុមរបស់ពួកគេរៀងៗខ្លួនក្នុងការប្រកួតលីហ្គកំពូលកម្ពុជាក្នុងសប្តាហ៍ទី១រួចមក ក្នុងការត្រៀមចូលរួមពានរង្វាន់ AFC Championship 2020 វគ្គជម្រុះក្នុងពូល H ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះលោក Felix agustin gonzalez dalmas គ្រូបង្វឹកក្រុមជម្រើស ជាតិបាល់ទាត់កម្ពុជាអាយុក្រោម២៣ឆ្នាំបានបង្ហាញអារម្មណ៍សប្បាយរីករាយចំពោះការប្រកួតនៅថ្ងៃ ស្អែកក្រោយការហ្វឹកហាត់របស់កូនក្រុមបានល្អ ហើយលោកជឿជាក់ថានឹងទទួលបានលទ្ធផលល្អ ទោះបីប៉ះ អូស្ត្រាលីជាក្រុមខ្លាំងយ៉ាងណាក្តី ។លោកបន្ថែមថា នេះជាឱកាសដ៏ល្អដែលបានជួបជាមួយក្រុមល្អៗ ហើយក៏សប្បាយចិត្តចំពោះការរីកចម្រើនរបស់កូនក្រុម និងសម្លឹងឆ្ពោះទៅកាន់ការប្រកួតបន្តទៀត ។
ពានរង្វាន់កម្រិតអាស៊ីនេះកម្ពុជាស្ថិតនៅពូលជាមួយក្រុមជម្រើសជាតិរបស់ប្រទេសអូស្ត្រាលី , កូរ៉េខាងត្បូង និង ចិនតាប៉ិ ដោយការប្រកួតចាប់ផ្តើមពីថ្ងៃទី ២២ ដល់ ២៦ ខែ មិនា ឆ្នាំ ២០១៩ នាពហុកីឡដ្ឋានជាតិអូឡាំពិក ។
សម្រាប់ការប្រកួតបើកឆាកថ្ងៃទី ២២ ក្រុមគោព្រៃត្រូវប៉ះក្រុម ជម្រើសជាតិបាល់ទាត់ អាយុក្រោម ២៣ឆ្នាំអូស្ត្រាលី ខណៈថ្ងៃទី២៤ ត្រូវបន្តជួបក្រុមជម្រើសជាតិរបស់ កូរ៉េខាងត្បូង និងថ្ងៃទី ២៦ ត្រូវប្រកួតបញ្ចប់ក្នុងពូលជាមួយ ចិនតៃប៉ិ ។ ការប្រកួតចាប់ផ្តើមពីម៉ោង ៥ល្ងាចសម្រាប់គូទី១និងគូទី២ ចាប់ពីម៉ោង ៨យប់ និងមានផ្សាយផ្ទាល់ តាមទូរទស្សន៍ MYTV CTN និង CNC ៕ រូបភាព៖ FFC