UEFA ព្រមានហើយ! កីឡាករក្រុមណាយកដបភេសជ្ជៈចេញពីលើតុ ក្រុមនោះនឹងរងពិន័យ
ក្រុមបាល់ទាត់ជម្រើសជាតិដែលប្រកួតនៅ Euro 2020 នឹងរងការផាកពិន័យ ប្រសិនបើកីឡាកររបស់ពួកគេហ៊ានដកភេសជ្ជៈរបស់អ្នកឧបត្ថម្ភចេញពីលើតុសន្និសីទ ដូចដែល Cristiano Ronaldo និង Paul Pogba បានធ្វើនាពេលថ្មីៗ។
កាលពីថ្ងៃចន្ទ ប្រធានក្រុមព័រទុយហ្គាល់ Cristiano Ronaldo បានដកដបភេសជ្ជៈមួយ ដើម្បីលើកទឹកចិត្តឲ្យមហាជនផឹកទឹកវិញ។ មួយថ្ងៃបន្ទាប់មក Pogba ដែលជាសាសនិកឥស្លាមក៏បានដកដបស្រាបៀរមួយចេញដែរ។ ចំណែក Manuel Locatelli របស់អ៊ីតាលីក៏ធ្វើដូច CR7។
ដោយសារតែរឿងដដែលៗនេះ សហព័ន្ធបាល់ទាត់អឺរ៉ុបបានព្រមានក្រុមទាំងអស់ ដោយសង្កត់ធ្ងន់ថា អ្នកឧបត្ថម្ភ គឺជាដៃគូសំខាន់ មិនត្រឹមតែជួយលុយទេ ថែមទាំងជួយអភិវឌ្ឍបាល់ទាត់ទូទាំងអឺរ៉ុបថែមទៀត។ តំណាង UEFA ទទួលស្គាល់ពីទង្វើរបស់កីឡាករ ថា ពួកគេមានបំណងល្អទេ តែអ្វីៗគឺបានចងក្នុងបទបញ្ជាហើយ ហើយបទបញ្ជានេះក៏ត្រូវបានទទួលស្គាល់ដោយសហព័ន្ធបាល់ទាត់នីមួយៗដែរ៕