លោកគ្រូ ជា រិទ្ធ គ្រោងដឹកនាំកីឡាករគុនខ្មែរជួរមុខចេញទៅប្រកួតនៅជប៉ុន
ដោយមានទំនាក់ទំនងជាមួយអ្នកដឹកនាំកីឡាករនៅប្រទេសជប៉ុន លោក ជា រិទ្ធ ដែលជាគ្រូបង្វឹកនៃក្លិប Kingdom Fight Gym គ្រោងនឹងដឹកនាំកីឡាករគុនខ្មែរជួរមុខទៅប្រកួតនៅទឹកដីប្រទេសជប៉ុន ដើម្បី អោយគេបានស្គាល់គុនខ្មែរកាន់តែច្រើន ។
មន្ត្រីចៅក្រមសហព័ន្ធប្រដាល់គុនខ្មែររូបនេះបានបង្ហើបថា លោកកំពុងតែសុំសិទ្ធពីប្រធានសហព័ន្ធដើម្បី នាំកីឡាករគុនខ្មែរល្អៗទៅប្រកួតនៅប្រទេសជប៉ុន ហើយឯកឧត្តម តែម ម៉ឺន ក៏បានយល់ស្របចំពោះរឿងនេះផងដែរ ដោយរង់ចាំតែការចេញលិខិតជាផ្លូវការតែប៉ុណ្ណោះ ។ លោកបន្ថែមថា ការនាំកីឡាករគុនខ្មែរទៅក្រៅប្រទេសពិតជាសំខាន់ណាស់ ពីព្រោះវាធ្វើអោយពិភពលោកស្គាល់គុនខ្មែរកាន់តែច្បាស់ ហើយកីឡាករក៏អាចរកចំណូលបានគួរសមផងដែរ ។ កន្លងមកលោកធ្លាប់បានដឹកនាំកីឡាករគុនខ្មែរ គង់ សំបូរ ទៅប្រកួត នៅ One Championship បានម្តងរួចមកហើយដោយចាញ់ពិន្ទុកីឡាករចិន ។
បើសិនដំណើរអ្វីៗទៅដោយរលូននៅអំឡុងខែមេសាឆ្នាំ២០១៩ នេះលោកនឹងនាំកីឡាករគុនខ្មែរលំដាប់ជួរមុខមួយចំនួនទៅប្រកួតនៅប្រទេសជប៉ុន ហើយអាចនឹងឈានដល់តំបន់អឺរ៉ុបផងដែរ ៕