បេក្ខភាពគុនខ្មែរ សុខ ធី អាចឈានមុខគេព្រោះធ្លាប់ឈ្នះកីឡាករខ្មែរទាំងបីនាក់
ស្ថានីយ៍ទូរទស្សន៍ ស៊ី អ៊ិន ស៊ី ផ្នែកខាងកីឡាបានបង្ហាញសមាសភាពកីឡាករគុនខ្មែរ ចំនួន៤រូប ដែល នឹងត្រូវចូលរួមប្រកួតដណ្តើមពានរង្វាន់ ISI Palm រដូវកាលទី៣លើ ប្រភេទទម្ងន់ ៥៧ គីឡូក្រាម ។
បេក្ខភាពគុនខ្មែរដែលត្រូវប្រជែងពានរង្វាន់នេះរួមមាន សុខ ធី , ឡុង ជិន , ឈុត សេរីវាន់ថង និង តាញ់ មករា ( ធន់ មករា ) ខណៈបេក្ខភាពរបស់ប្រទេសថៃ មិនទាន់បានបង្ហាញ ជាផ្លូវការណ៍នៅឡើយទេ ដោយថ្នាក់ដឹកនាំខាងថៃកំពុងរៀបចំ ។
ក្នុងចំណោមកីឡាករគុនខ្មែរទាំងបូននាក់ សុខ ធី (កាកា) អាចជាបេក្ខភាពដែលគេគិតថាមាន សមត្ថភាពឈានមុខគេក៏ព្រោះតែកីឡាករគុនខ្មែរទាំងបីនាក់ផ្សេងទៀតសុទ្ធតែធ្លាប់ប៉ះ សុខ ធី ហើយទទួលបរាជ័យដូចៗគ្នា ។ ក្នុងនោះ ឡុង ជិន ចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ KUBUTA , ឈុត សេរីវាន់ថងនិង តាញ់ មករា ចាញ់ក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ ។
កីឡាករគុនខ្មែរទាំងអស់ដែល CBS ចម្រាញ់មកសុទ្ធតែមានបទពិសោធប្រកួត លក្ខណៈអន្តរជាតិ តួយ៉ាង សុខ ធី ធ្លាប់ប្រកួតនៅប្រទេសថៃ ធ្លាប់ឈ្នះខ្សែក្រវាត់នៅស្រុកខ្មែរ និង ប្រកួតលក្ខណៈ អន្តរជាតិ One Championship ជាដើម ។ ចំណែក ឡុង ជិន ទើបឈ្នះខ្សែក្រវាត់ថ្មីៗ និងកំពុងកើនសមត្ថភាពខ្លាំងគួរអោយចាប់អារម្មណ៍ផងដែរ ។ ឈុត សេរីវាន់ថង ជាជើងខ្លាំងវ័យក្មេងមកពីខេត្តបាត់ដំបង ដែលមាន ឪពុកជាអតីតអ្នកប្រដាល់គឺលោក ឈុត សេរី និង តាញ់ មករា រឺ បងប្អូនស្គាល់ថា ធន់ មករា ជាជម្រើសជាតិថា្នលគុនខ្មែរដែលមានបទពិសោធប្រកួតខ្សែក្រវាត់ និងពានរង្វាន់ ជាច្រើនរួមមកហើយ ។
ទោះបីយ៉ាងណាក៏ដោយកីឡាករគុខន្មែរមិនអាចប៉ះគ្នានោះទេក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល លុះត្រាពួកគេអាចឈានដល់វគ្គកណ្តាលផ្តាច់ព្រ័ត្រ រឺ ផ្តាច់ព្រ័ត្រ ដូចគ្នា ។ សូមបញ្ជាក់ថា ការប្រកួតដណ្តើមពានរង្វាន់ ISI Palm រដូវកាលទី៣នឹងចាប់ផ្តើមក្រោយបញ្ចប់ រដូវកាលទី២ ដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃ អាទិត្យ សប្តាហ៍នេះ ៕