Honda ដឹកនាំជម្រើសជាតិកម្ពុជាលើកដំបូងប៉ះម៉ាឡេស៊ី
ក្រោយពីសហព័ន្ធបាល់ទាត់កម្ពុជាតែងតាំងជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Honda នឹងដឹកនាំក្រុមគោព្រៃប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិរបស់ ម៉ាឡេស៊ី ក្នុងការមកចូលកាន់តំណែងលើកដំបូង ។
ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយម៉ាឡេស៊ី នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ នាពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជំនួបនោះអាចជាការដឹកនាំប្រកួតដំបូងរបស់គ្រូបង្វឹកថ្មី Keisuke Honda ដែលសហព័ន្ធផ្តល់សេចក្តីទុកចិត្តដឹកនាំរយៈពេល២ឆ្នាំ ។
ទោះបីយ៉ាងណាគ្រូបង្វឹកបទពិសោធជាកីឡាករនៅតំបន់អឺរ៉ុបរូបនេះមិនបានមកបង្វឹកផ្ទាល់ដល់កីឡា ករកម្ពុជាច្រើននោះទេ ដោយសារជាប់ភារកិច្ចជាកីឡាករជាមួយក្លិបបាល់ទាត់របស់ប្រទេសអូស្ត្រាលី Melbourne Victory ដូចនេះលោកនឹងធ្វើការជាមួយជំនួយការសញ្ជាតិអាហ្សង់ទីន Felix Agustin Gonzalez Dalmas ដែលជាគ្រូផ្នែកបច្ចេកទេស សម្រាប់ការដឹកនាំក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា៕