សូត្រ ប៊ុនធី ថាមិនខ្លាច ឡៅ ចិត្រា ប៉ុន្តែវគ្គផ្តាច់ព្រ័ត្រចង់ប៉ះថៃ ជាងខ្មែរ
អ្នកប្រដាល់គុនខ្មែរពីររូបនឹងត្រូវចាប់ដៃគ្នាត្រៀមប៉ះកីឡាករថៃពីររូបក្នុងការប្រកួតលក្ខណៈ ម៉ារ៉ាតុងដណ្តើមប្រាក់លានគោជល់នៅសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ថ្ងៃសៅរ៍ ទី ០៤ សីហា ឆ្នាំ២០១៨ នេះ ។
បេក្ខភាពគុនខ្មែរមាន សួន ចាន់នី(សូត្រ ប៊ុនធី)និង ឡៅ ចិត្រា ខណៈខាងថៃមាន សែនមឿន ណយ រួមជាមួយ ពិនងិន ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ។
ប្រាប់ MSR មុនដល់ការប្រកួត សួន ចាន់នី ថារួមគេមិនខ្លាចកីឡាករជើងខ្លាំងវ័យក្មេង ឡៅ ចិត្រា នោះទេបើសិនអាចឆ្លងទៅដល់វគ្គផ្តាច់ព្រ័ត្រប៉ះដូចគ្នា ទោះបីធ្លាប់ចាញ់សន្លប់ ក្នុងទឹកទី៤កាលពីប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧ យ៉ាងណាក៏ដោយ ។
អធិរាជគុនខ្មែរខ័ណ្ឌឬស្សីកែវ បន្តថាសម្រាប់ចិត្តរបស់គេមិនចង់ប៉ះកីឡាករខ្មែរគ្នាឯងនោះទេ ព្រោះ ពិបាកវ៉ៃដោយសារនៅមានចិត្តអធ្យាស្រ័យគ្នាទៅវិញទៅមកហើយក្បាច់ ក៏ដឹងពីគ្នា ច្រើនដែរ ប៉ុន្តែបើប៉ះថៃយើងអាចប្រើក្បាច់អស់រួមទាំងកែងដែលជាក្បាច់គ្រោះថ្នាក់ផងដែរ ។
ការប្រកួតជុំទីមួយដែលមានបីទឹក សួន ចាន់នី ប៉ះ សែនមឿងណយ ដែលកីឡាករថៃរូបនេះ ធ្លាប់ស្មើពិន្ទុនិងចាញ់កីឡាករ ពុយ វណ្ណៈ ក្នុងការមកប្រកួតនៅ CBS ពីរដងកន្លងមក ។ ចំណែកជើងខ្លាំងត្រកួល ឡៅ ត្រូវជួបកីឡាករថៃប្លែកមុខ ពិនងិន ដែលមិនធ្លាប់មានវត្តមាន នៅសង្វៀន CBS នោះទេ ។
អ្នកឈ្នះជុំទីមួយនឹងត្រូវប៉ះគ្នាក្នុងថ្ងៃដដែលនោះដើម្បីប្រាក់៤លានរៀង ខណៈ សួន ចាន់នី និង ឡៅ ចិត្រា ត្រូវបានអ្នកគាំទ្រគិតថាពួកគេអាចនឹងមានភាគរយជួបគ្នាម្តងទៀត ៕