ដឹងអត់ Cristiano Ronaldo បង្ហោះរូបលើបណ្តាញសង្គម Instagram ម្ដង រកលុយបានប៉ុន្មាន?
ខ្សែប្រយុទ្ធ Cristiano Ronaldo រកចំណូលបានប្រហែល៧សែន៥ម៉ឺនដុល្លារ ក្នុងការបង្ហោះរូបចំនួន១សន្លឹកនៅលើបណ្ដាញសង្គម Instagram នេះបើយោងតាមក្រុមហ៊ុនវិភាគ Hopper HQ បានចេញផ្សាយ។
បច្ចុប្បន្ននេះសមាជិករបស់ Juventus គឺជាអត្តពលិកទី១ដែលមានអ្នកចុច Follow ក្នុង Instagram ច្រើនជាងគេបង្អស់ពោលគឺមានចំនួនជាង ១៣៦លាននាក់។ ដោយឡែកកាលពីពេលថ្មីៗនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រូបដែលគេបញ្ជាក់ថាបានផ្ទេរជាផ្លូវការបានក្លាយជារូបមានអ្នក Like ច្រើនជាងគេទី៤ក្នុងប្រវត្តិសាស្រ្តបណ្ដាញសង្គម Instagram ដោយកីឡាករវ័យ៣៣ឆ្នាំពាក់អាវ Juventus ដោយមានអ្នក Like ចំនួន១១,៥លាននាក់។
យោងតាមបញ្ជីរបស់ក្រុមហ៊ុនវិភាគ Hopper HQ ឆ្នាំ២០១៨ បានបង្ហាញថា អត្តពលិកដែលតាមពីក្រោយ Ronaldo មានដូចជា៖ Neymar (១៣៣លាន Follow, ទទួលបាន ៦០ម៉ឺនដុល្លារក្នុងការបង្ហោះរូប១លើក) Lionel Messi (៩៥លាន Follow, ៥០ម៉ឺនដុល្លារ) David Beckham (៤៧លាន Follow, ៣០ម៉ឺនដុល្លារ) និង Gareth Bale (៣៤លាន Follow, ១៨ម៉ឺនដុល្លារ)។
គួររំលឹកថា Juventus បានបំពេញការផ្ទេរយក Cristiano Ronaldo ពី Real Madrid ក្នុងតម្លៃ១១២លានអឺរ៉ូកាលពីថ្ងៃអង្គារទី១០ខែកក្កដា ដោយកីឡាករវ័យ៣៣ឆ្នាំខាងលើត្រូវបានគេរាយការណ៍មកថានឹងទទួលបានថ្លៃនឿយហត់៥សែនផោនក្នុងមួយសប្ដាហ៍អំឡុងកិច្ចសន្យា៤ឆ្នាំ។