ក្រោយទិញបាន Ronaldo ក្រុមសេះបង្កង់ Juventus ត្រៀមយក Pogba មកអ៊ីតាលីវិញ
Juventus កំពុងរៀបចំក្នុងការនាំយកខ្សែបម្រើ Paul Pogba ពី Manchester United មកកាន់ទឹកអ៊ីតាលីវិញនៅរដូវក្តៅនេះ ក្រោយពីទើបតែទិញយកខ្សែប្រយុទ្ធ Cristiano Ronaldo បានពី Real Madrid កាលពីពេលថ្មីៗនេះ។
ក្រុមជើងឯក Serie A បានទាក់ទងជាមួយភ្នាក់ងាររបស់ Pogba គឺលោក Mino Raiola ដោយពួកគេកំពុងស្វែងរកលទ្ធភាពនៃការចុះហត្ថលេខាឡើងវិញនូវកីឡាករដែលពួកគេបានលក់ទៅឱ្យក្រុមបិសាចក្រហមក្នុងតម្លៃ៨៩លានផោនកាលពី២ឆ្នាំមុន។
ដោយឡែកនៅពេលនេះ កីឡាករវ័យ២៥ឆ្នាំកំពុងតែសម្រាកលំហែកាយនៅទឹកដីសហរដ្ឋអាមេរិកជាមួយមិត្តភ័ក្រ្ត ក្រោយពីជួយឲ្យក្រុមជម្រើសជាតិបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅទឹកដីរុស្ស៊ី។
យោងតាមសារព័ត៌មានជាច្រើនបានចេញផ្សាយថា ក្រុមជើងឯក Premier League ២០សម័យអាចនឹងពិចារណាលើសំណើនេះផងដែរ ស្របពេលដែលទំនាក់ទំនងរវាង Pogba និងលោក Jose Mourinho ហាក់ដូចជាមិនសូវល្អប៉ុន្មានឡើយកាលពីរដូវកាលមុន។