ដំណឹងចុងក្រោយមកថា Eriksen ដឹងខ្លួនវិញហើយ
ខ្សែបម្រើជម្រើសជាតិដាណឺម៉ាក Christian Eriksen បានដឹងខ្លួនវិញហើយនៅឯមន្ទីពេទ្យ ក្រោយដួលសន្លប់ធំអំឡុងជំនួប UEFA Euro 2020។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធបាល់ទាត់ដាណឺម៉ាក។
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បញ្ជាក់បន្ថែមថា កីឡាករ Inter Milan ដដែលមានស្ថានភាពធម្មតាវិញហើយ។
ការប្រកួតនៅក្រុង Copenhagen ត្រូវបានផ្អាកមុនចប់វគ្គទី១ បន្ទាប់ពីអតីតខ្សែបម្រើ Tottenham Hotspur ដួលលើដី និងត្រូវបានផ្ដល់ការសង្គ្រោះបឋម។
ការប្រកួតក៏ត្រូវបានបន្តវិញបន្ទាប់ពីកីឡាករក្រុមទាំង២ស្នើ ហើយជាលទ្ធផលហ្វាំងឡង់បានយកឈ្នះដាណឺម៉ាក១ទល់នឹង០ តែតបញ្ចូលទីដោយ Joel Pohjanpalo ក្នុងនាទី៦០ ដែលជាការប្រកួតក្នុងពូល B។
នៅពេលចូលទីលានវិញ កីឡាករដាណឺម៉ាកត្រូវបានទះដៃសាទរដោយក្រុមអ្នកគាំទ្រហ្វាំងឡង់ដើម្បីជាការលើកទឹកចិត្តទៀតផង៕