ក្រោយទាត់ចូលរុស្ស៊ីភ្លាម Lukaku ស្រែកថា “Chris Chris ខ្ញុំស្រលាញ់អ្នក!”
Romelu Lukaku បានរំឭកដល់ Christian Eriksen ដែលជាមិត្តរួមក្រុមនៅ Inter Milan ក្រោយទាត់បញ្ចូលទី ឈានទៅយកឈ្នះរុស្ស៊ី ដោយលទ្ធផល៣ទល់នឹង០ ក្នុងការប្រកួត UEFA Euro 2020។
Eriksen បានដួលសន្លប់លើទីលានអំឡុងការប្រកួតរបស់ដាណឺម៉ាកតទល់ហ្វាំងឡង់ នៅថ្ងៃសៅរ៍ ទី១២ ខែមិថុនា និងទទួលការសង្គ្រោះលើទីលាន។
ក្រោយទាត់បញ្ចូលទីគ្រាប់ទី១ក្នុងនាទីទី១០ Lukaku បានស្រែកមុខកញ្ចក់កាមេរ៉ាថា “Chris! Chris! ខ្ញុំស្រលាញ់អ្នក”។
បន្ទាប់ពីការប្រកួតចប់ អតីតខ្សែប្រយុទ្ធ Manchester United បង្ហើបថា គេបានយំ ពេលឮនូវអ្វីដែលបានកើតឡើងចំពោះ Eriksen។
“ខ្ញុំមានអារម្មណ៍ភ័យខ្លាច។ យើងត្រូវស្ថិតក្នុងពេលវេលាដ៏រឹងមាំជាមួយគ្នា។ ខ្ញុំបានចំណាយពេលច្រើនជាមួយគាត់ជាងគ្រួសាររបស់ខ្ញុំទៅទៀត។ វាពិតជាពិបាកមែន។ ខ្ញុំសង្ឃឹមថា គាត់នឹងរឹងមាំវិញ ខ្ញុំសូមផ្ញើការប្រកួតនេះទៅដល់គាត់។” នេះជាការថ្លែងពី Lukaku។
Lukaku ក៏រកបានគ្រាប់បាល់ទី៣ដែរក្នុងវគ្គទី២នាទី៨៨ បន្ទាប់ពីគ្រាប់ទី២ធ្វើបានដោយ Thomas Meunier ក្នុងនាទី៣៤។
ដូច្នេះបែលហ្ស៊ីកមាន៣ពិន្ទុស្មើហ្វាំងឡង់ ដែលឈ្នះដាណឺម៉ាក ១ទល់នឹង០៕