ម៉ឺន មេឃា និង ឈុត សេរីវ៉ាន់ថង នរណាក្លាយជាម្ចាស់ខ្សែក្រវាត់ ហើយបន្តទៅជួប ឃីម បូរ៉ា
កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯក បានរកឃើញបេក្ខភាពត្រូវប្រកួតដណ្តើមខ្សែក្រវាត់ក្នុងវគ្គផ្តាច់ព្រ័ត្រហើយ គឺ ឈុត សេរីវ៉ាន់ថង និង ម៉ឺន មេឃា បន្ទាប់ពីកីឡាករទាំងពីរនេះប្រកួតឈ្នះគូប្រកួត រៀងៗខ្លួន កាលពីថ្ងៃ សៅរ៍ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
ឈុត សេរីវ៉ាន់ថង បានឡើងទៅវគ្គផ្តាច់ព្រ័ត្រមុន បន្ទាប់ពីអ្នកប្រដាល់នៃក្លិប រាហ៊ូកីឡា ខេត្ត បាត់ដំបង បានយកឈ្នះពិន្ទុដោយឯកច្ឆ័ន្តលើកីឡាករ វេង សុភ័ក្ត្រ ក្រោយប្រកួតចប់ពេញ៥ទឹក ។
ម៉ឺន មេឃា ជាអ្នកឡើងទៅជួប ឈុត សេរីវ៉ាន់ថង ដោយកូនប្រុសលោក អេ ភូថង រូបនេះចំណាយមិនដល់២ទឹកផងក្នុងការផ្តួលកីឡាករ តាញ់ មករា អោយបោះបង់ការប្រកួត ។
ដូចនេះសម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់គឺ ឈុត សេរីវ៉ាន់ថង ជួប ម៉ឺន មេឃា ខណៈ តាញ់ មករា ត្រូវប្រកួតជាមួយ វេង សុភ័ក្រ ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣ ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែ មិថុនា ២០២១ នេះនាសង្វៀន CNC ។
សូមបញ្ជាក់ថារវាង ឈុត សេរីវ៉ាន់ថង និង ម៉ឺន មេឃា នរណាក្លាយជា ម្ចាស់ខ្សែក្រវាត់ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯក នេះមានប្រាក់រង្វាន់ ៥០០០ ដុល្លារ ហើយត្រូវបន្តទៅប្រកួតដណ្តើមខ្សែក្រវាត់១គ្រឿងទៀតជាមួយ ឃីម បូរ៉ា ដែល មានប្រាក់រង្វាន់ ៥០០០ ដុល្លារបន្ថែមទៀត ៕