វេន សុភ័ក្រ និង សុខ សុវណ្ណ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខ្សែក្រវាត់គោជល់
បេក្ខភាពខ្សែក្រវាត់កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯករដូវកាលទី២ វេន សុភ័ក្រ និង សុខ សុវណ្ណ បានចាប់ដៃគ្នាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយជោគជ័យ បន្ទាប់ពីប្រកួតចប់ជម្រុះក្នុងពូល A កាលពីថ្ងៃ សៅរ៍ កន្លងទៅ ។
ការប្រកួតជុំចុងក្រោយនេះ វេន សុភ័ក្រ នៅតែធ្វើបានល្អដោយផ្តួលកីឡាករ ធី វ៉ារិទ្ធ អោយសន្លប់ត្រឹមទឹកទី២ ។ កណ្តាប់ដៃរបស់កូនសិស្សលោកគ្រូ ហង្ស សឿន នៅចុងទឹកទី២ បានធានាកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់គេដោយឆ្លងកាត់៣ប្រកួតកន្លងមកឈ្នះ ទាំងអស់មាន ៩ ពិន្ទុ ឈរនៅលេខ១ក្នុងពូល A នេះតែម្តង ។ ចំណែក សុខ សុវណ្ណ ក៏បានឡើងទៅវគ្គ៤នាក់ចុងក្រោយផងដែរ ទោះបីការប្រកួតជុំចុងក្រោយនេះរូបគេចាញ់កីឡាករ សូដា កូម៉ាន់ ទាំងពិន្ទុប្រផុតប្រផើយយ៉ាងណាក្តី ។ បីប្រកួតកន្លងមកកូនសិស្សរបស់លោកគ្រូ ធន់ សុភា ឈ្នះ១ និងចាញ់២ មាន ៥ ពិន្ទុ ប៉ុន្តែដោយសាររូបគេមិនដែលសន្លប់ទើបអាចឈរ លើកីឡាករ ធី វ៉ារិទ្ធ និង សូដា កូម៉ាន់ ដែលមាន៥ពិន្ទុដូចគ្នា ខណៈកីឡាករទាំងពីរនេះសុទ្ធតែសន្លប់ម្តង ដូចគ្នា ។
ការប្រកួតអ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯករដូវកាលទី២ ជុំចុងក្រោយក្នុងពូល B នឹងធ្វើឡើងនៅថ្ងៃ សៅរ៍ សប្តាហ៍ដើម្បីរកបេក្ខភាព២នាក់ទៀតឡើងទៅវគ្គបន្តក្នុងនោះការប្រកួតមាន ឡុង សំណាង ប៉ះ សេក គឹមរួន និង ភុំ សារ៉ាយ ប្រកួតជាមួយ សូត្រ ខេវិន ចាប់ពីម៉ោង ៦ល្ងាច និងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CNC ៕