Cristiano Ronaldo មកដល់ទឹកដីអ៊ីតាលីវិញដើម្បីត្រៀមហ្វឹកហាត់ជាមួយ Juventus បើករដូវកាលថ្មី
ខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ចប់វិស្សមកាលនិងការងារផ្ទាល់ខ្លួនជាមួយនឹងក្រុមគ្រួសារដោយបានធ្វើដំណើរមកដល់ទីក្រុង Turin វិញ ដើម្បីធ្វើការហ្វឹកហាត់ជាមួយក្រុមសេះបង្កង់ Juventus ត្រៀមសម្រាប់បើករដូវកាលថ្មី Italia Serie A។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នឹងជួបជាមួយមិត្តរួមក្រុមក្នុងពេលឆាប់ៗនេះក្នុងការចាប់ផ្តើមទំព័រថ្មីនៅទឹកដីប្រទេសអ៊ីតាលី ស្របពេលដែលក្រុមលោក Massimiliano Allegri កំពុងស្ថិតនៅសហរដ្ឋអាមេរិកធ្វើការប្រកួតមិត្តភាពកំដៅសាច់ដុំចំនួន២ប្រកួតទៀតដោយត្រូវជួបជាមួយ MLS-All Stars និង Real Madrid។
អតីតសមាជិក Manchester United ត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមាននៅថ្ងៃបើកឆាកការប្រកួតក្របខ័ណ្ឌ Italia Serie A ដោយត្រូវជួបជាមួយ Chievo នៅថ្ងៃទី១៩ ខែសីហា ខាងមុខនេះ។
គួររំលឹកថា Juventus បានបំពេញការផ្ទេរយក Cristiano Ronaldo ពី Real Madrid ក្នុងតម្លៃ១១២លានអឺរ៉ូកាលពីថ្ងៃអង្គារទី១០ខែកក្កដា ដោយកីឡាករវ័យ៣៣ឆ្នាំខាងលើត្រូវបានគេរាយការណ៍មកថានឹងទទួលបានថ្លៃនឿយហត់៥សែនផោនក្នុងមួយសប្ដាហ៍អំឡុងកិច្ចសន្យា៤ឆ្នាំ។