Joachim Low បន្តកុងត្រាជាដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ដល់ឆ្នាំ ២០២២
លោក Joachim Low បានសម្រេចបន្តកុងត្រារយៈពេល ២ឆ្នាំទៀត ដើម្បីដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ រហូតដល់ឆ្នាំ ២០២២។ ការពិតទៅ កុងត្រារបស់លោក Low បានផុតបន្ទាប់ពី Euro ឆ្នាំ ២០២០ ប៉ុន្តែគ្រូបង្វឹកវ័យ ៥៨ឆ្នាំរូបនេះ ត្រូវបានតែងតាំងឲ្យបន្តដឹកនាំក្រុម Die Mannschaft (ក្រុមបាល់ទាត់ជម្រើសអាល្លឺម៉ង់) រហូតដល់ World Cup ឆ្នាំ ២០២២ ដែលនឹងធ្វើឡើងនៅប្រទេសកាតា។
សូមរម្លឹកជូនថា លោក Joachim Low ត្រូវបានតែងតាំងឲ្យដឹកនាំក្រុមជម្រើសជាតិ កាលពីឆ្នាំ ២០០៦ ហើយបន្ទាប់មកលោកបានដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ ឲ្យឈ្នះពានរង្វាន់ World Cup កាលពីឆ្នាំ ២០១៤ ខណៈដែលប្រេស៊ីលធ្វើជាម្ចាស់ផ្ទះ។ លើសពីនេះ អាល្លឺម៉ង់ ថែមទាំងបំបាក់ក្រុមម្ចាស់ផ្ទះប្រេស៊ីលយ៉ាងចាស់ដៃ ៧-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀតផង៕