ចៅប្រុសមួយរូបរបស់លោក ម៉ា សេរី ចូលកម្មវិធីជំរំហ្វឹកហាត់របស់ Ajax
អ្នកនាង សេរី ម៉ូនីតា កូនស្រីអតីតប្រធានផ្នែកកីឡា CBS លោក ម៉ា សេរី ប្រាប់ MSR Sports ថា ក្មួយប្រុសបង្កើតរបស់អ្នកនាងដែលរស់នៅប្រទេសស្វីស បានចូលរួមកម្មវិធីបោះជំរំហ្វឹកហាត់របស់ក្រុមយុវជន Ajax Amsterdam កាលថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣។
ភរិយាអតីតពិធីករកីឡា CBS លោក ជិន ម៉ារ៉ាឌី ដដែលបញ្ជាក់ថា កម្មវិធី Camping របស់ក្រុមមានមូលដ្ឋាននៅប្រទេសហូឡង់នេះមានរយៈពេលមួយសប្ដាហ៍។
កុមារា Liam មានវ័យ៧ឆ្នាំកើតនៅប្រទេសស្វីសជាកូនប្រុសរបស់កូនប្រុសច្បងលោក ម៉ា សេរី។ លោក និងភរិយា បានរស់នៅប្រទេសអឺរ៉ុបមួយនេះច្រើនឆ្នាំមកហើយ។
កុមារា Liam បានចូលហ្វឹកហាត់ក្នុងក្រុមយុវជនមួយនៅក្រុង Zurich បានជាងមួយឆ្នាំហើយ ដោយហ្វឹកហាត់តួនាទីជាខ្សែបម្រើ។
គេក៏ជាចៅប្រុសម្នាក់ក្នុងចំណោមចៅប្រុសផ្សេងៗទៀតដែលចូលហ្វឹកហាត់បាល់ទាត់។ ជាក់ស្ដែងកូនប្រុសអ្នកនាង សេរី ហាន់នីកា និងកូនប្រុសអ្នកនាង សេរី ម៉ូនីតា កំពុងហ្វឹកហាត់ក្នុងក្រុមសាលាបាល់ទាត់បឹងកេត៕