Zinedine Zidane សារភាពថា Real Madrid ពិតជាចង់យក Cristiano Ronaldo មកវិញពិតមែន
កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាយការណ៍មកថាអាចនឹងសម្រេចចែកផ្លូវគ្នាជាមួយ Juventus នៅដំណាច់រដូវកាលនេះ បន្ទាប់ពីមិនអាចជួយឱ្យក្រុមរហស្សនាមសេះបង្កង់យកឈ្នះ Porto ដើម្បីឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាននៅពានរង្វាន់ UEFA Champions League។
ប្រភពសារព័ត៌មានជាច្រើនបានចុះផ្សាយថា ភ្នាក់ងារ Jorge Mendes បានធ្វើការទាក់ទងជាមួយប្រធានក្លឹប Florentino Perez ដើម្បីសិក្សាពីលទ្ធភាពក្នុងការវិញត្រឡប់របស់ CR7 ដើម្បីមកកាន់ Real Madrid សារជាថ្មីម្តងទៀត។
យ៉ាងណាក្តី នៅក្នុងសន្និសិទកាសែតត្រៀមប្រកួតពានរង្វាន់ UEFA Champions League នៅយប់នេះ គ្រូបង្វឹក Zinedine Zidane បានធ្វើការឆ្លើយតបផងដែរថា៖ “ព័ត៌មានចចាមអារ៉ាមនោះជាការពិត? គឺវាអាចទៅរួច។ យើងដឹងហើយអំពី Cristiano ហើយអ្នកទាំងអស់គ្នាដឹងអំពីសមិទ្ធិផលរបស់គេនៅ Real Madrid ហើយ។ ឥឡូវនេះគេគឺជាកីឡាកររបស់ Juventus ហើយខ្ញុំត្រូវគោរពគេ នឹងគោរពក្លឹបរបស់គេផងដែរ ប៉ុន្តែយើងនឹងរងចាំមើលទាំងអស់គ្នាថានឹងមានរឿងអ្វីកើតឡើងជាបន្តនៅពេលខាងមុខ។”
អតីតយុវជន Sporting Lisbon បានចាកចេញពីទឹកដី Old Trafford មកកាន់ទឹកដីអេស្ប៉ាញកាលពីឆ្នាំ២០០៩ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោក៨០លានផោន ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ រកគ្រាប់បាល់ស៊ុតបញ្ចូលទីបាន ៤៥១ គ្រាប់ ដោយឈ្នះពានរង្វាន់ UEFA Champions League ៤ដង, La Liga ៣ដង និងពានរង្វាន់ជាច្រើនទៀតផងដែរ៕
គួរឱ្យដឹងថា ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យបានសម្រេចការផ្លាស់ចេញពីទឹកដី Santiago Bernabeu មកកាន់ប្រទេសអ៉ីតាលីនៅឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន១០៥លានអឺរ៉ូយ៉ាងគួរឱ្យផ្ញាក់ផ្អើលនៅក្នុងពិភពបាល់ទាត់ ក្រោយពីជួយឱ្យ Real Madrid ឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបលើកទី១៣រួចមក។