
មេនឆេស្ទើ ស៊ីធី សន្សំបាន100ពិន្ទុ បង្កើតកំណត់ត្រាថ្មីនៅលីកកំពូលបាល់ទាត់អង់គ្លេស
កងទ័ពរបស់មេបញ្ជាការ ប៉េប ហ្កាឌីយ៉ូឡា បានបង្កើតកំណត់ត្រាដ៏អស្ចារ្យក្នុងសមរភូមិវាលស្មៅបាល់ទាត់អង់គ្លេស ព្រីមែរ៍ លីក, គឺសតពិន្ទុ។ហ្កាព្រីយែល យេស៊ូស ជាអ្នកបាញ់មួយគ្រាប់អោយក្រុមទ័ពខៀវឈ្នះលើក្រុមព្រះម៉ែម៉ារី សោត្ហេមតុនកាលពីថ្ងៃអាទិត្យ ទី13 ឧសភា ទំលុះអ្នកចាំបន្ទាយ អាឡិច ម៉ាខាធី ក្រោយពេលទទួលបាល់ពី ខេវិន ដេប្រ៊ូន, ហើយខ្សែបំរើជនជាតិប៊ែលហ្សិកក៏ក្លាយជាអ្នកបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបានច្រើនជាងគេដែរគឺ16គ្រាប់។ កំណត់ត្រានេះគឺបំបែកមេទ័ព ចូសេ ម៉ូរីញ៉ូ ដែលធ្លាប់ដឹកនាំ ឆេលស៊ី បានពិន្ទុខ្ពស់បំផុតគឺ95 កាលពីរដូវកាល 2004-05។
មានកំណត់ត្រាជាច្រើនដែលក្រុម មេន. ស៊ីធី បានបង្កើតឡើងនៅក្នុងរដូវកាលនេះ។ ពួកគេបាននាំមុខដាច់19ពិន្ទុលើក្រុមលេខ2 មេនឆេស្ទើ យូណាយធីត ខណៈដែលក្រុមបិសាចក្រហមធ្លាប់ធ្វើបានកាលពីរដូវកាល1999-2000 ដាច់ក្រុមលេខ2 អាសេណល ចំនួន18ពិន្ទុ។ ក្រៅពីនោះ ឆ្នាំនេះពួកគេស៊ុតបានយ៉ាងច្រើនគឺ106គ្រាប់ ក្នុងចំណោមជ័យជំនះទាំង32។
ពួកគេចាញ់តែពីរដងប៉ុណ្ណោះក្នុងរដូវកាលចុងក្រោយនេះ ពោលគឺចាញ់លីវើភូល ក្នុងខែមករា មុនពេលចាញ់ក្នុងដីខ្លួនឯងក្រោមថ្វីជើងក្រុមរួមក្រុង មេនឆេស្ទើ។
មួយសប្តាហ៍ក្រោយចាញ់ទ័ពក្រុមលោក ម៉ូរីញ៉ូ, កងទ័ពខៀវបានបោះពួយបន្ថែមទៀតដើម្បីក្តោបក្តាប់ជើងឯកបានសំរេច បើទោះជានៅសល់5ប្រកួតទើបចប់រដូវកាលក៏ដោយ។ ការធ្វើបានបែបនេះគឺស្មើនឹងកំណត់ត្រារបស់ បិសាចក្រហម កាលពីរដូវកាល 1907-08 និង 2000-01 និងកំណត់ត្រារបស់ក្រុម អេវើតុន នារដូវកាល 1984-85។ នៅក្នុងរដូវកាលនេះក៏បូករួមនឹងកំណត់ត្រាថ្មីមួយទៀតរបស់ក្លឹបគឺ ប្រកួតមិនចាញ់ចំនួន18ប្រកួតជាប់គ្នានៅ ព្រីមែរលីក។