កីឡាករ៦រូបដែលនិងអាចចាកចេញពី Premier League ក្រោយពីបញ្ចប់រដូវកាលនេះ
ក្របខ័ណ្ឌបាល់ទាត់កំពូលរបស់ប្រទេសអង់គ្លេស Premier League គឺជាទីកន្លែងប្រកួតប្រជែងដ៏តឹងតែងមួយសម្រាប់កីឡាករបាល់ទាត់អាជីព។ មានន័យថាបើអ្នកមានសមត្ថភាពអ្នកអាចនៅទីនោះបានដោយគ្មានការភ័យព្រួយថែមទាំងទទួលបានមកវិញនូវកេរ្តិ៍ឈ្មោះនិងប្រាក់កាសមហាសាល។ ក៏ប៉ុន្តែបើអ្នកមិនមានសមត្ថភាព នុះប្រជាប្រិយ៍និងឱកាសក្នុងការកើបប្រាក់របស់អ្នកក៏មានការធ្លាក់ចុះទៅតាមនុះដែរ។
ជាការពិតណាស់អាយុ និងការមិនសូវបានចូលរួមប្រកួតក៏ជាកត្តាមួយដែលធ្វើអោយសមត្ថភាពប្រកួតរបស់អ្នកមានការថមថយចុះទៅតាមនេះដែរ។ ទាក់ទងនិងរឿងនេះវិញ MSR បានសង្កេតឃើញមានកីឡាករនៅ Premier League ៦នាក់ដែលអាចនិងចាកចេញពីក្របខ័ណ្ឌមួយនេះក្រោយពីបិទបញ្ចប់រដូវកាល ២០១៧-២០១៨ ដែលមានដូចជា៖
១- Yaya Toure (Manchester City)
អតីតកីឡាករ Barcelona របស់កូឌីវ័រមួយនេះត្រូវបាន Man City ទិញមកអោយធ្វើជាសមាជិករបស់ខ្លួនតាំងពីឆ្នាំ ២០១០ មកម្ល៉េះដោយរូបគេបានបង្ហាញខ្លួនចំនួន២៣០ដងនិងស៊ុតបញ្ចូលទីបានសរុប៥៩គ្រាប់។ តែមួយរយៈពេលចុងក្រោយនេះ Yaya ហាក់ដូចជាលែងមានការចាប់អារម្មណ៍ពីលោក Pep Guardiola ដែលជាអ្នកចាត់ការទូរទៅរបស់មេឃខៀវ Man City ទៀតហើយ។ មូលហេតុអាចមកពី Yaya មិនអាចជួយអោយក្រុមជម្រើសជាតិខ្លួនលេង World Cup 2018 នេះបាន ហើយបើរូបគេចង់ថែរក្សារដំណែងក្នុងក្រុមជម្រើសជាតិដំរី កូឌីវ័រ បន្តទៀតគេត្រូវតែប្រញាប់ចាកចេញពីទឹកដី Etihad អោយបានកាន់តែឆាប់កាន់តែល្អ។
២-Wayne Rooney (Everton)
ក្រោយពីលោក Jose Mourinho មិនយកចិត្តទុកដាក់ចំពោះរូបគេនៅឯក្លិប Man Utd ទើបអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះក៏សម្រេចចិត្តរើខោអាវមកកាន់ក្លិបចាស់របស់ខ្លួនវិញគឺ Everton។ តែដោយសារតែវ័យកាន់ចាស់ សមត្ថភាពក៏កាន់តែធ្លាក់ទើបធ្វើអោយ Rooney ជួបរឿងខកចិត្តសារជាថ្មីដោយមិនសូវក្លាយជាកីឡាករ១១នាក់ដំបូងរបស់ក្រុមស្ករគ្រាប់ឡើយ។ ធម្មតាជាតិជាមនុស្សតែងតែមានការជឿជាក់លើខ្លួនឯងដែលជួនកាលបានប្រកាន់ខ្ជាប់នូវសុភាសិតមួយឃ្លាថា «អាយុគ្រាន់តែជាតួលេខ» Rooney ក៏ដូចគ្នា។ គេអាចនិងបោះបង់ Everton សារជាថ្មីនិងទៅសម្ងំកើបលុយនៅក្របខ័ណ្ឌ Major Soccer League របស់សហរដ្ឋអាមេរិចក៏ថាបាន។
៣- Xherdan Shaqiri (Stoke City)
អាចជាកីឡាករដែលក្លិបអ្នកស្មូនឆ្នាំង Stoke City បានចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់១២លានអឺរ៉ូទិញកីឡាករដើមកំណើតយូហ្គោស្លាវីរូបនេះពី Inter Milan នៅឆ្នាំ ២០១៥។ ជាការពិត Stoke ចង់ថែររក្សារខ្លួនលេងនៅក្របខ័ណ្ឌ Premier League ជាបន្ត។ តែចៃដន្យអី Stoke City មិនអាចបន្តវត្តមាននៅទីកន្លែងដេលពោរពេញទៅដោយការប្រកួតប្រជែងបានតទៅទៀតទេ ក្លិបនេះត្រូវបានកាត់ចេញទៅក្របខ័ណ្ឌក្រោមនៅរដូវកាលក្រោយ។ ទោះជា Stoke City មានបំណងចង់រក្សាររូបគេជាបន្តក៏គេផ្ទាល់ប្រហែលជាបដិសេធនិងសំណើរនេះដែរ។ មនុស្សតែងតែមានទំនុកចិត្តលើខ្លួនឯង ដូចជា Shaqiri ដែលមានប្រវត្តិលេងអោយក្លិបធំៗដូចជា Bayern Munich និង Inter Milan ផងនុះគេនិងមិនព្រមទៅលេងក្របខ័ណ្ឌក្រោមឡើយ។ គេអាចនៅជាមួយក្លិបផ្សេងទៀតនៅ Premier League ឬក៏ចាកចេញពីទីនេះសូមតាមដានទាំងអស់គ្នា។
៤- Peter Crouch (Stoke City)
អតីតកីឡាករជម្រើសជាតិអង់គ្លេសនេះត្រូវអស់សុពលភាពលែងជាមួយក្លិបនៅឆ្នាំក្រោយនេះហើយ ក៏បន្តែការចម្រើនចូលដល់វ័យ38ឆ្នាំបែបនេះវាគឺជាកត្តាមួយដែលអាចអោយ Crouch សុំលាលែងតែម្តង។ ទោះបញ្ចប់អាជីពពីកីឡាករបាល់ទាត់ ក៏អតីតកីឡាករ Liverpool ដែលទិញពី Southampton រូបនេះនៅមានសមត្ថភាពធ្វើជាគ្រូបណ្តុះបណ្តាលបាល់ទាត់ដល់ក្មេងជំនាន់ក្រោយផងដែរ ជាពិសេសគឺធ្វើការជាមួយក្លិប Stoke City តែម្តងឬក៏ទៅធ្វើគ្រូបច្ចេកទេសនៅ Tottenham Hotspur ដែលជាអតិតក្លិបចាស់របស់គេក៏បាន។
៥-Alvaro Morata (Chelsea)
តោខៀវ Chelsea បានបេះ Alvaro ពីមាត់ Man utd ដោយអោយថ្លៃ៥០លានផោនទៅ Real Madrid និងរំពឹងថាគេគឺជាម៉ាស៊ីនរកគ្រាប់បាល់បញ្ចូលទីអោយក្រុមរបស់ខ្លួន។ តែ Chelsea ហាក់ដូចជាគិតខុស ព្រោះគ្រាន់តែតម្លៃខ្លួនប្រចាំសប្តាហ៍ និងការព្យាបាលកីឡាករអេស្ប៉ាញរូបនេះស្ទើរតែស្មើរតម្លៃទិញកីឡាករខ្សែប្រយុទ្ធបានមួយរូបទៀតទៅហើយ។ រីឯ Chelsea ដែលជាម្ចាស់ការពារដំណែងរដូវកាលចាស់ក៏ត្រូវរអឹលខ្លួនធ្លាក់មកចំនាត់ថ្នាក់លេខ៥ដែលពុំមានសិទ្ធលេង Champions League នៅរដូវកាលក្រោយទៅទៀត។ ស្របពេលដែលមានដំណឹងលិចឮថា Juventus ចង់បាន Morata ផងនោះមើលទៅ Chelsea ទំនងជាមិនរួញរាក្នុងការលក់កីឡាករម្នាក់នេះទេ។
៦-Michael Carrick (Man Utd)
រូបគេបានប្រកាសជាផ្លូវការហើយថានិងព្យួរស្បែកជើងកីឡាករចោល តែនៅតែពាក់ស្បែកជើងនិងឯកសណ្ឋានគ្រូបង្វឹកបច្ចេកទេសនៅក្លិបបិសាចក្រហម Man Utd ជាបន្ត។ លោក Jose Mourinho ដែលជាអ្នកចាត់ការទូរទៅក៏បានសម្តែងការរីករាយនិងយល់ស្របទៅតាមសំណើររបស់កីឡាករខ្សែបម្រើរូបនេះហើយដែរ។ ចាកចេញពី Spur នៅឆ្នាំ២០០៦ Carrick ត្រូវបានអតីតអ្នកចាត់ការទូទៅ Sir Alex Ferguson យកមកទំនុកបម្រុងជាកីឡាកររបស់ Man Utd រហូតដល់ពេលបច្ចុប្បន្ន។