Messi កីឡាករទី១នៅ La Liga ទាត់ចូល២៥គ្រាប់ឡើង១២ឆ្នាំជាប់គ្នា
Lionel Messi រកគ្រាប់បាល់បញ្ចូលទី២គ្រាប់ម្នាក់ឯង និងបញ្ជូនមួយលើកក្នុងជ័យជម្នះ៥ទល់នឹង២របស់ FC Barcelona លើ Getafe ក្នុងការប្រកួត La Liga នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា។
ស្ថិតិដ៏ល្អនេះធ្វើឲ្យខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនជាប់ជាកីឡាករល្អក្នុងការប្រកួត (Man of the Match)។ គ្រាប់បាល់របស់គេនៅ La Liga ក៏កើនឡើងដល់២៥គ្រាប់ នាំមុខតារាង Top Scorer។ ទន្ទឹមនឹងនេះ អ្វីដែលកាន់តែពិសេសនោះ គឺគេជាកីឡាករម្នាក់គត់ក្នុងប្រវត្តិ La liga ដែលរកបានចាប់ពី២៥គ្រាប់ក្នុងមួយរដូវកាល ជាប់គ្នាដល់ទៅ១២ឆ្នាំ។ Messi នាំមុខ Karim Benzema ៤គ្រាប់។
ជ័យជម្នះនេះដែរ មានន័យថា FC Barcelona កំពុងតាមពីក្រោយក្រុមលេខ២ Real Madrid ២ពិន្ទុ និងក្រោមក្រុមកំពូលតារាង Atletico Madrid ៥ពិន្ទុ។ យ៉ាងណា ក្រុមលោក Ronald Koeman ទើបលេងបាន៣១ប្រកួត តិចជាងក្រុមទាំង២មួយប្រកួត។
គួរដឹងដែរថា ក្នុងរដូវកាល២០២០/២០២១នេះ Barcelona រកបានពានរង្វាន់មួយហើយ គឺ Copa del Rey ដែលពួកគេបានឈ្នះ Athletic Bilbao សប្ដាហ៍មុន៕