Pogba ថា ចោរចាយពេលមិនដល់៥នាទី លួចបានទ្រព្យសម្បត្តិយ៉ាងច្រើន
ផ្ទះរបស់ Paul Pogba ត្រូវបានចោរគាស់ផ្ទះមួយក្រុមចូលធ្វើសកម្មភាពពេលគេកំពុងជួយ Manchester United ប្រកួតជើងទី២ វគ្គ១៦ក្រុម UEFA Champions League។
“យប់មិញជាសុបិនអាក្រក់របស់គ្រួសារខ្ញុំ។ ក្រុមចោរមួយក្រុមបានចូលលួចក្នុងផ្ទះរបស់ខ្ញុំ ពេលកូនៗកំពុងដេកលក់។ ពួកគេចូលមិនដល់៥នាទីផង អស់របស់មានតម្លៃជាច្រើន។” នេះជាការថ្លែងរបស់ Pogba។
“តាមផ្លូវមកផ្ទះវិញ ប្រពន្ធ និងខ្ញុំមិនដឹងថា កូនៗស្ថិតក្នុងគ្រោះថ្នាក់ប៉ុនណា។ ធ្វើជាឪគេ មិនអាចការពារកូនៗខ្លួនបាន វាពិតជាអាក្រក់ណាស់។” Pogba បន្ថែម។
យ៉ាងណា គេមិនទាន់ដឹងច្បាស់ពីទំហំបាត់បង់ទ្រព្យសម្បត្តិរបស់ Pogba ថា មានតម្លៃប៉ុនណាទេ ដោយគ្រាន់ដឹងតាមសាមីខ្លួនថាច្រើន។
លទ្ធផលមិនល្អ បូករួមទាំងរឿងរ៉ាវអាក្រក់ៗទៀត ទំនងអាចនឹងធ្វើឲ្យ Pogba ចេញពី Manchester United នាដំណាច់រដូវកាលនេះ។ ខ្សែបម្រើជម្រើសជាតិបារាំងនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះក្នុងកិច្ចសន្យារបស់គេនៅ Old Trafford៕