Pochettino ចង់ឈ្នះពាននៅ Chelsea យ៉ាងខ្លាំង ក្រោយឡើងផ្ដាច់ព្រ័ត្រ League Cup
លោក Mauricio Pochettino និយាយថា ពិតជាចង់ឈ្នះពានដំបូងយ៉ាងខ្លាំងក្នុងអាជីពជាគ្រូបង្វឹកនៅអង់គ្លេស។ លោកថ្លែងបែបនេះ ក្រោយនាំ Chelsea ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ League Cup ដោយឈ្នះ Middlesbrough ៦ទល់នឹង១ ជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ ហើយសរុបទាំង២ជើង គឺ៦ទល់នឹង២។
ក្រុមរហស្សនាមតោខៀវនឹងតតាំង Liverpool ឬ Fulham នៅកីឡដ្ឋាន Wembley នៅថ្ងៃទី២៥ ខែកុម្ភៈ ដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត្រសាជាថ្មីនៅ League Cup បន្ទាប់ពីពួកគេចាញ់ហង្សក្រហម ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ កាលឆ្នាំ២០២២។
Pochettino ដែលមិនទាន់លើកពាននៅអង់គ្លេស បានចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់មួយនេះ ក្រោមថ្វីជើង Chelsea ក្នុងឆ្នាំ២០១៥ និងវគ្គផ្តាច់ព្រ័ត្រ Champions League ដោយសារ Liverpool ក្នុងឆ្នាំ ២០១៩ ពេលនៅអ្នកចាត់ការ Tottenham ។
Pochettino ដែលបានឈ្នះពានរង្វាន់ដំបូងនៃអាជីពជាអ្នកចាត់ការនៅ Paris St-Germain បាននិយាយថា “ខ្ញុំពិតជាចង់ឈ្នះពាននៅទីនេះ។ ក្នុងរយៈពេលមួយឆ្នាំកន្លះនៅក្រុងប៉ារីស យើងបានឈ្នះពានរង្វាន់ចំនួនបី ហើយយើងចង់ឈ្នះមួយនៅទីនេះ។ ខ្ញុំពិតជាអស់សង្ឃឹមក្នុងការឈ្នះ។”