Arsenal បង្ហាញរូបសំណាកលោក Wenger មុខកីឡដ្ឋានខ្លួន
រូបសំណាកសំរឹទ្ធរបស់អតីតអ្នកចាត់ការ Arsenal លោក Arsene Wenger លើកពាន Premier League ត្រូវបានដាក់បង្ហាញកាលពីថ្ងៃសុក្រ ទី២៨ ខែកក្កដា នៅខាងក្រៅកីឡដ្ឋាន Emirates របស់ក្លិប។
លោក Wenger បានឈ្នះពានរង្វាន់ Premier League ៣ដង និង FA Cup ៧ដង ខណៈដឹកនាំក្រុមកាំភ្លើងធំនៅចន្លោះខែតុលា ឆ្នាំ១៩៩៦ ដល់ខែឧសភា ឆ្នាំ ២០១៨។
បុរសជនជាតិបារាំងរូបនេះបានគ្រប់គ្រងការប្រកួតចំនួន១២៣៥នៅក្រុម Arsenal និងបានជួយក្លិបមិនឱ្យចាញ់ក្នុងលីគរដូវកាល២០០៣/២០០៤ដែលគេស្គាល់ថា “The Invincibles”។
Arsenal ក៏បានចំណាយពេល២០រដូវកាលជាប់គ្នាក្នុងក្របខណ្ឌ Champions League ក្រោមការដឹកនាំរបស់លោក Wenger រួមទាំងការឈានដល់វគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០០៦ ដែលពួកគេចាញ់ Barcelona ២ទល់នឹង១៕