Cavani ជិតចូលរួមជាមួយ Man UTD
តាមសេចក្តីរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស និងបារាំងនៅថ្ងៃសៅរ៍ ទី០៣ ខែតុលា ថា Manchester United ជិតផ្ទេរបាន Edison Cavani ដោយគ្មានតម្លៃខ្លួន។
ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយរូបនេះកំពុងទំនេរ ក្រោយអស់កុងត្រានៅ Paris Saint-Germain កាលពីចុងខែមិថុនា។
កីឡាករវ័យ៣៣ឆ្នាំគឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេគ្រប់រដូវកាលរបស់ PSG មានជាង ២០០គ្រាប់ក្នុងរយៈពេល ៧ ឆ្នាំនៅ Parc des Princes ។
Daily Mail បានរាយការណ៍ថា Cavani នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំនៅ Old Trafford និងទទួលបានថ្លៃនឿយហត់ ២១០,០០០ ផោន (២៧០,០០០ ដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍បន្ទាប់ពីបង់ពន្ធរួច។
.បិទ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយបារាំងបានបង្ហើបថា កិច្ចព្រមព្រៀងនេះនឹងត្រូវបញ្ចប់មុនពេលផុតកំណត់ផ្ទេរនៅថ្ងៃចន្ទ។
Cavani ថែមទាំងអាចបង្ហាញខ្លួនជាលើកដំបូងជាមួយក្លិបចាស់ពេល Man United បើកយុទ្ធនាការ Champions League តទល់ PSG នៅថ្ងៃទី ២០ ខែតុលា។
ក្រុមបិសាចក្រហមត្រូវបានអ្នកគាំទ្ររិះគន់ថា មិនសូវសកម្មក្នុងទីផ្សារដោះដូរកីឡាករ។
ខ្សែបម្រើហូឡង់ Donny van de Beek គឺជាកីឡាករតែម្នាក់គត់ដែលត្រូវបាននាំចូល ខណៈដំណឹងផ្ទេរ Jadon Sancho ពី Borussia Dortmund ត្រូវជាប់គាំង៕