មាស ចាន់ណា៖ កីឡាករពីមុនគឺលួចហ្វឹកហាត់បន្ថែមស្ទើគ្រប់គ្នា
គ្រូបង្វឹកក្រុមណាហ្គាវើលដ៏ បានរំលឹកអំពីអតីតកាលរបស់ខ្លួនកាលនៅជាកីឡាករថា មិត្តរួមក្រុមនឹងរូបលោកផ្ទាល់ភាគច្រើនគឺលួចហ្វឹកហាត់បន្ថែមស្ទើគ្រប់គ្នា ពោលគឺកាលវិភាគហាត់ម៉ោង ៣ ទៅតាំងពីមួយម៉ោងមុន ឫយ៉ាងហោចណាស់ ៤៥ នាទីមុនដែរ ដើម្បីបំប៉នសមត្ថភាពប្រកួតប្រជែកជម្រើស ១១នាក់ដំបូង ក្នុងទីលាននៅពេលមានប្រកួតពានរង្វាន់ធំៗ។
អ្នកខេត្តកំពង់ស្ពឺរូបនេះបាននិយាយថា៖ នៅសម័យបច្ចុប្បន្ននេះ មានការរៀបចំបានល្អជាងពីមុន ទាំងក្រុមការងារ, រចនាសម័្ពន្ធ និងប្រាក់បៀវត្សច្រើនជាងកាលជំនាន់ ខ្ញុំនៅជាកីឡាករ។ ប្រសិនបើបានលេងទាន់ជំនាន់បច្ចុប្បន្ន មិនដឹងជាសប្បាយប្រឹងយ៉ាងណាទេ។ ប្រៀបធៀបកីឡាករពីមុន និងកីឡាករឥឡូវ មិនដឹងកីឡាករច្រើនប៉ុនណាទេដែលលួចហាត់ថែម ប៉ុន្តែជំនាន់ខ្ញុំភាគច្រើនគឺលួចហាត់ថែមខ្លាំងណាស់។ ប្រសិនបើខ្ញុំវិញ បើគ្រូហាត់ម៉ោង ៣ រសៀល ខ្ញុំទៅដល់តារាងម៉ោង ២ ព្រោះខ្ញុំលួចហាត់មួយម៉ោងមុន ឬ ៤៥ នាទីមុនការហ្វឹកហាត់ផ្លូវការ។ ខ្ញុំប្រឹងដើម្បីប្រជែងកីឡាករ ១១នាក់ ក្នុងក្រុម ហើយអ្វីដែលសំខាន់គឺជាប់ជម្រើសជាតិ ព្រោះពេលជាប់ជម្រើសជាតិជាមោទកភាពសម្រាប់ក្រុមខ្ញុំ។
សូមរំលឹកផងដែរថា លោក មាស ចាន់ណា ចាប់ផ្តើមលេងបាល់តាំងពីឆ្នាំ១៩៩១ លក្ខណៈយុវជន និងឆ្លងកាត់ក្រុមធំមួយចំនួនទៀត ហើយថែមទាំងជាប់ជម្រើសជាតិនាឆ្នាំ១៩៩០ ខណៈដែលបានមកចូលរួមជាមួយក្លិបណាហ្គាវើលដ៍ក្នុងឆ្នាំ២០០១ ក្នុងនាមជាកីឡាករផង និងជាបុគ្គលិកប្រចាំក្រុមមួយនេះផង នឹងបានសម្រេចចូលនិវត្តន៍នៅឆ្នាំ២០១១ ស្របពេលបច្ចុប្បន្នកាន់សញ្ញាបត្រគ្រូបង្វឹកកម្រិត A License ថែមទាំងជាគ្រូបង្គោលណាហ្គាវើលដ៍នៅឆ្នាំ២០១៣ បានជួយលើកពានសម្តេចនាឆ្នាំនោះតែម្តង ហើយឈ្នះពានលីគកំពូលនៅឆ្នាំ២០១៨៕