កីឡាករ ១០រូប កំពុងឡើងតំលៃខ្លួនខ្លាំង បន្ទាប់ពី World Cup 2018
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក World Cup នៅរុស្ស៊ី បានបញ្ចប់ទៅហើយ ប៉ុន្តែក្រោយពីបញ្ចប់ មានកីឡាករជម្រើសជាតិនីមួយៗ ចំនួន ១០ កំពុងតែឡើងកូតខ្លាំង តាមរយៈទម្រង់លេងដ៏ល្អរបស់ពួកគេ ក្នុងព្រឹត្តិការណ៍នៅរុស្ស៊ីនោះ។ តើមានកីឡាករណាខ្លះ? តាមដានទាំងអស់គ្នា៖
1. Eden Hazard, ជម្រើសជាតិបែលហ្ស៊ិក និងកំពុងលេងឲ្យ Chelsea
គ្មានអ្វីដែលជាការលាក់បាំងទេថា Eden Hazard កំពុងត្រូវបានក្លឹបយក្សនៅអេស្ប៉ាញ Real Madrid ចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានបង្ហាញទម្រង់លេងយ៉ាងល្អគួរឲ្យចាប់អារម្មណ៍ ក្នុងព្រឹត្តិការណ៍ World Cup 2018 នៅរុស្សី បើទោះបីជាមិនអាចជួយបែលហ្ស៊ិក ឲ្យលើកពានក៏ដោយ។ ប្រធានក្រុមជម្រើសជាតិបែលហ្ស៊ិករូបនេះ បានស៊ុតបញ្ជូលទី ៣គ្រាប់ ជួយ assist និងនាំបាល់ឲ្យកីឡាករផ្សេងៗលេង រហូតដល់ទៅ ៤០ដង។
2. Thomas Meunier, ជម្រើសជាតិបែលហ្ស៊ិក និងកំពុងលេងឲ្យ PSG
បរាជ័យរបស់បែលហ្ស៊ិក ជាមួយបារាំង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ត្រូវបានគេចាត់ទុកថា ដោយសារតែអវត្តមានកីឡាករ Thomas Meunier ដែលជាប្រព័ន្ធការពារដ៏មាំ និងដ៏សំខាន់បំផុតមួយសម្រាប់លោក Roberto Martinez។ កីឡាករវ័យ ២៦ឆ្នាំរូបនេះ កំពុងជាទីចាប់អារម្មណ៍ពីបណ្តាក្លឹបនានា ប្រសិនបើគាត់ចាកចេញពី Paris Saint-Germain តែបើគាត់នៅក៏ក្លឹបនៅបារាំងនេះ នឹងផ្តល់តំលៃខ្លួនមួយយ៉ាងប្រសើរផងដែរ។
3. Denis Cheryshev, ជម្រើសជាតិរុស្ស៊ី និងកំពុងលេងឲ្យ Villarreal
Denis Cheryshev បានបង្ហាញទម្រង់លេងយ៉ាងល្អស្ទើរមិនគួរឲ្យជឿ នៅពេលដែលរុស្ស៊ី ជួបជាមួយអារ៉ាប៊ីសាអូឌីត។ ការពិតទៅ កីឡាកររូបនេះ មិនត្រូវជាប់ក្នុងជម្រើស ១១នាក់ដំបូងទេ ប៉ុន្តែដោយសារតែការរបួសរបស់កីឡាករខ្សែបម្រើស្លាប Alan Dzagoev គេក៏ត្រូវផ្តល់ឱកាសឲ្យលេងជំនួស។ ឱកាសនោះ ជាការចាប់ផ្តើមដែលធ្វើឲ្យគ្រូបង្វឹកទុកចិត្តលើរូបគេ។ កាលពីរដូវកាលមុន Villarreal បានឲ្យកីឡាករវ័យ ២៧ឆ្នាំនេះ បង្ហាញខ្លួនក្នុង លីក La Liga តែ ៩លើកប៉ុណ្ណោះ ក្នុងការប្រកួតទាំង ២៤លើក ប៉ុន្តែពេលនេះ Villarreal កំពុងតែរកវិធីទុកកីឡាកររូបនេះឲ្យនៅបន្ត តាមរយៈការតំឡើងតំលៃខ្លួន។
4. Harry Maguire, ជម្រើសជាតិអង់គ្លេស និងកំពុងលេងឲ្យ Leicester
ទោះបីជា មិនបានជួយអង់គ្លេសឲ្យលើកពានមែន តែ Harry Maguire ត្រូវបានគេមើលឃើញថា មានជំនាញអូសបាល់ពីលើមកក្រោមយ៉ាងជំនាញ។ ជាកីឡាករដែលលេចចេញពីក្រុមតូចតាច ហើយធ្វើដំណើរទៅក្រុម Leicester កីឡាករវ័យ ២៥ឆ្នាំនេះ អាចកំពុងជាគោលដៅរបស់ក្រុមធំៗផ្សេងទៀត។ សូមបញ្ជាក់ថា Harry Maguire ត្រូវបានផ្ទេរចេញពីក្លឹប Hull City កាលពីចុងខែមិថុនាឆ្នាំមុន ក្នុងតំលៃខ្លួន ១៧លានផោន។
5. Yerry Mina, ជម្រើសជាតិកូឡុំប៊ី និងកំពុងលេងឲ្យ Barcelona
គឺកីឡាករវ័យ ២៣ឆ្នាំនេះហើយ ដែលធ្វើឲ្យអង់គ្លេស ឈ្នះកូឡុំប៊ីយ៉ាងលំបាកលំបិនបំផុត នៅវគ្គ ១៦ក្រុមចុងក្រោយ ព្រឹត្តិការណ៍ World Cup 2018។ មុន World Cup មានដំណឹងថា ក្លឹប Barcelona ចង់លក់កីឡាករនេះចេញ បន្ទាប់ពីទើបតែទិញ កាលពីខែមករា ដើមឆ្នាំនេះ។ ប៉ុន្តែ នៅពេលដែល Yerry Mina ជួយកូឡុំប៊ី បានច្រើនយ៉ាងនេះ អ្នកគ្រប់គ្រងនៅកីឡដ្ឋាន Camp Nou នៅតែចង់បន្តឃើញកីឡាករដែលលេងល្អនៅផ្នែកកណ្តាល និងខាងក្រោមនេះ លេងជាមួយខ្លួនទៀត។
6. Raphaël Varane, ជម្រើសជាតិបារាំង និងកំពុងលេងឲ្យ Real Madrid
ជារឿងដ៏អស្ចារ្យណាស់សម្រាប់កីឡាករបារាំងរូបនេះ ព្រោះត្រឹមតែវ័យ ២៥ឆ្នាំ Raphaël Varane ជួយ Real Madrid ឲ្យលើកពាន Champions League រហូតដល់ ៤ដង និងជួយឲ្យជម្រើសជាតិបារាំងលើកពាន World Cup នៅឆ្នាំ ២០១៨។ ការពិតទៅ មុន World Cup ក៏ Varane មានតំលៃខ្លួនថ្លៃស្រាប់ទៅហើយ ប៉ុន្តែពេលក្រោយ World Cup ហើយ គេនឹងកាន់តែមានតំលៃខ្លួនថ្លៃបំផុត ដែលអាចស្មើនឹង Cristiano Ronaldo ឬ Neymar បាន។
7. Benjamin Pavard, ជម្រើសជាតិបារាំង និងកំពុងលេងឲ្យ Stuttgart
កាលពី ២ឆ្នាំមុន Benjamin Pavard បានចុះកុងត្រាលេងឲ្យក្លឹប Stuttgart នៅក្របខណ្ឌ Bundesliga ទី២ ហើយគេបានត្រឹមតែមើលបារាំងប្រកួត Euro កាលពីឆ្នាំ ២០១៦ ជាមួយមិត្តភក្តិ នៅតំបន់អ្នកគាំទ្រ។ ប៉ុន្តែដោយសារតែការរបួសរបស់កីឡាករ Jibril Sidibe ហើយនឹងការបង្ខំឲ្យរកកីឡាករម្នាក់ ឲ្យជួយនៅផ្នែកកណ្តាល និងខាងក្រោម ទើបធ្វើឲ្យកីឡាករវ័យ ២២ឆ្នាំនេះ មានឱកាសបង្ហាញខ្លួនយ៉ាងប្រឹងប្រែង។ Benjamin Pavard ស៊ុតបាន ១គ្រាប់ពេលបារាំង ជួបជាមួយអាស្សង់ទីន ហើយគ្រាប់បាល់នេះហើយ ធ្វើឲ្យ Bayern Munich ចាប់អារម្មណ៍ចង់បាន Pavard សម្រាប់រដូវក្តៅក្រោយ។ ប៉ុន្តែ Stuttgart ក៏ហ៊ានឲ្យតំលៃខ្លួនដល់ទៅជាង ៣០លានផោន ដើម្បីឲ្យ Pavard បន្តនៅជាមួយខ្លួនដែរ។
8. Sime Vrsaljko, ជម្រើសជាតិក្រូអាស៊ី និងកំពុងលេងឲ្យ Atlético Madrid
Sime Vrsaljko លេងមិនសូវបានល្អឲ្យ Atletico Madrid ទេ កាលពីរដូវកាលមុន ហើយក្លឹបនេះ ក៏ហាក់បង្ហាញអារម្មណ៍ថាមិនចង់ទុក Vrsaljko បន្ត។ ប៉ុន្តែក្រោយពីឃើញ ទម្រង់លេងដ៏ឆ្លាតវៃ ប្រកបដោយថាមពលរបស់ Sime Vrsaljko ពេលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយ អង់គ្លេស ក្លឹបនៅអេស្ប៉ាញមួយនេះ បានពិចារណាឡើងវិញ ពីការចង់ទុក Sime Vrsaljko ក្នុងតំលៃខ្លួនខ្ពស់មួយ។
9. Domagoj Vida, ជម្រើសជាតិក្រូអាស៊ី និងកំពុងលេងឲ្យ Besiktas
Domagoj Vida ផ្ទេរមកក្លឹប Besiktas ក្នុងតំលៃខ្លួន Free ប៉ុណ្ណោះ កាលពីខែមករា ប៉ុន្តែក្រោយពេលលេងបានយ៉ាងល្អឲ្យក្រូអាស៊ី ឡើងដល់វគ្គផ្តាច់ព្រ័ត្រ នៅពេលនេះកីឡាករវ័យ ២៩ឆ្នាំនេះ កំពុងត្រូវបានក្លឹប Liverpool ចង់បានឲ្យមកលេងជាដៃគូជាមួយ Dejan Lovren ដែលជាមិត្តរួមក្រុមក្នុងជម្រើសជាតិក្រូអាស៊ី ក្នុងតំលៃខ្លួនប្រមាណ ២០លានផោន។ ប៉ុន្តែ Besiktas បានទាមទារច្រើនជាងនេះ ប្រសិនបើហង្សក្រហម ពិតជាចង់បានមែន។
10. Ivan Perisic, ជម្រើសជាតិក្រូអាស៊ី និងកំពុងលេងឲ្យ Internazionale
Ivan Perisic លេងបានល្អបំផុតសម្រាប់ក្រុម Inter ដូច្នេះមិនមានអ្វីភ្ញាក់ផ្អើលទេ នៅពេលគេអាចលេងល្អឲ្យក្រូអាស៊ីនោះ។ Ivan Perisic ជាកូនសោសំខាន់សម្រាប់ Inter បន្ទាប់ពីផ្ទេរពីក្លឹប Wolfsburg។ កន្លងមក មានសេចក្តីរាយការណ៍ថា Manchester United ចង់បាន Ivan Perisic ដែរ ប៉ុន្តែត្រូវបាន Inter ទាមទារតំលៃខ្ពស់ក្នុងការលក់ចេញ៕
ប្រភព៖ The Guardian