Leeds ធ្វើកំណែរទម្រង់ថ្នាក់ដឹកនាំដើម្បីធ្វើឱ្យក្លិបកាន់តែរឹងមាំផ្នែកហិរញ្ញវត្ថុ
ក្រុម Leeds បានប្រកាសបន្ថែមសមាជិកថ្មីចំនួន ៣ រូបចូលទៅក្នុងក្រុមប្រឹក្សាភិបាលដែលជាចង្កូតរបស់ក្លិបដែលមានដូចជាលោក Peter Lowy, Massimo Marinelli និង Sandro Mencucci នឹងក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលថ្មីក្នុងចំណោមសមាជិកទាំង ៦ នាក់ដែលនៅក្រោមប្រធានក្លិប Andrea Radrizzani ខណៈដែលប្រធានចាស់ Andre Tegner បានចាកចេញពីតួនាទី។
សេចក្តីថ្លែងការណ៍របស់ក្លិបបាននិយាយថា“ Leeds United បានធ្វើការផ្លាស់ប្តូរប្រធានក្រុមប្រឹក្សាភិបាលរបស់ខ្លួននៅថ្ងៃនេះខណៈដែលក្លឹបកំពុងតែឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង” ។
លោក Lowy ជនជាតិអូស្ត្រាលីត្រូវបានគេដឹងថាជាអ្នកគាំទ្រក្រុម Leeds ពេញមួយជីវិតហើយបច្ចុប្បន្នជាអ្នកវិនិយោគក្រុមហ៊ុន Lowy Family Group និងជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Westfield Group ។
រីឯលោក Marinelli គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគសកលរបស់ Radrizzani Aser Ventures និង Mencucci ដែលធ្លប់បានចំណាយពេល ១៧ ឆ្នាំជានាយកប្រតិបត្តិរបស់ក្លិប Fiorentina ។
ការផ្លាស់ប្តូរនិងបន្ថែមសមាសភាពថ្នាក់ដឹកនាំត្រូវបានក្លិបអះអាងថានឹងមានការរីកចម្រើនផ្នែកហិរញ្ញវត្ថុដែលនឹងមានលទ្ធភាពទិញកីឡាករល្អៗយកមកចូលរួមប្រជែងពានរង្វាន់ផ្សេងៗនៅរដូវកាលក្រោយដែលស្របតាមទិសដៅអភិវឌ្ឍន៍ Leeds United ។