Iheanacho ក្ដុកក្ដួលខ្លាំងក្រោយធ្វើបានហ៊ែតទ្រីកឲ្យ Leicester
Kelechi Iheanacho ធ្វើបានហ៊ែតទ្រីកយ៉ាងអស្ចារ្យ ខណៈ Leicester City ផ្ដួល Sheffield United ដែលទើបចែកផ្លូវជាមួយអ្នកចាត់ការ Chris Wilder ដោយលទ្ធផល៥ទល់នឹង០ ក្នងការប្រកួត Premier League នៅថ្ងៃអាទិត្យ ទី១៤ ខែមីនា។
នេះជាការប្រកួតដំបូងសម្រាប់ Sheffield United ដែរក្រោមការដឹកនាំបណ្ដោះអាសន្នពីលោក Paul Heckingbottom ដែលជាអ្នកចាត់ការក្រុម U23។
ក្នុងការប្រកួតលើដីខ្លួនឯង Leicester គ្របដណ្ដប់យ៉ាងខ្លាំង ហើយ Iheanacho បើកការនាំមុខមុននាទី៣៩ ក្រោយការបញ្ជូនកាត់ពី Jamie Vardy។ ចូលដល់នាទី៦៤ Ayoze Perez ទាត់បញ្ចូលទីកៀកប្រអប់គ្រោះថ្នាក់យ៉ាងល្អបង្កើនការនាំមុខដល់ក្រុមម្ចាស់ផ្ទះ King Power។ ៥នាទីក្រោយមក Vardy បញ្ជូនយ៉ាងស្អាតសាជាថ្មីដល់ Iheanacho ទាត់ចូលមិនខកបំណង។ អតីតយុវជន Manchester City ទាត់ពីចម្ងាយ និងជាគ្រាប់ទី៣របស់គេក្នុងនាទី៧៨។ នេះជាការទាត់ចូល៣ប្រកួតជាប់គ្នាលើកដំបូងសម្រាប់គេ។
២នាទីក្រោយមក Vardy ទាត់បុកជើងខ្សែការពារ Ethan Ampadu ចូលទីខ្លួនឯង ឲ្យ Leicester នាំមុខ៥ទល់នឹង០។
សរុប២៩ប្រកួត Leicester មាន៥៦ពិន្ទុ ឈរលេខ៣ ខណៈ Sheffield United បន្តនៅបាតតារាងពីក្រោមតំបន់សុវត្ថិភាព១៤ពិន្ទុ៕