Klopp មានមោទកភាពចំពោះកូនក្រុមរបស់ខ្លួននិងរំពឹងថា Liverpool នឹងមិនចាញ់ក្នុងការប្រកួតណាមួយនៅ Premier League រដូវកាលនេះ
(BC-99)
មុននឹងជំនួបប្រកួត FA Cup ជុំទី៣ដែល Liverpool ត្រូវប៉ះជាមួយ Everton ចូលមកដល់នៅយប់ស្អែកនេះ អ្នកណាចាត់ការទូរទៅរបស់ ហង្សក្រហម Jurgen Klopp បានឆ្លៀតសរសើរកូនក្រុមរបស់ខ្លួននៅមុខអង្គសន្នីសិទសារព័ត៌មានថា Liverpool គឺជាក្រុមដ៏ខ្លាំងមួយ ហើយលោកជឿថាក្រុមលោកនឹងមិនចាញ់ក្នុងការប្រកួតណាមួយនៅ Premier League នៅរដូវកាលនេះឡើយ។
ក្រោយពីបានប្រកួតឈ្នះ Sheffield United ២-០ កាលពីយប់រំលងអាធ្រាតថ្ងៃព្រហស្បត្តិ៍កន្លងទៅវាបានធ្វើអោយ Liverpool នៅតែជាក្រុមដែលឋិតនៅកំពូលតារាង Premier League នៅរដូវកាលនេះនិងនាំមុខ១៣ពិន្ទុដាច់ពីលើក្រុមលេខ២ Leicester City ថែមទៀតផង។ ២០ប្រកួតកន្លងទៅនេះ Liverpool មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេដោយឈ្នះ១៩ដងនិងស្មើតែម្តងគត់ព្រមទាំងនៅសល់មួយប្រកួតក្នុងដៃផងដែរ។
ការណ៍នេះបានធ្វើអោយលោក Jurgen Klopp បាននិយាយថា លោកមានមោទកភាពចំពោះកូនក្រុមរបស់ខ្លួនដែលលេងបានយ៉ាងល្អ ជាពិសេសលោករំពឹងថា Liverpool នឹងមិនចាញ់ក្នុងការប្រកួតណាមួយនៅ Premier League នៅរដូវកាលនេះឡើយ ហើយថែមទាំងអាចឈ្នះជើងឯកក្នុងក្របខណ្ឌនេះទៀតផង។
ទោះបីជាបែបនេះក្តីមិនមែនបានន័យថាលោកមិនមានការព្រួយបារម្ភនោះដែរ ព្រោះលោក Klopp ក៏បាននិយាយបន្ថែមទៀតថា អ្វីៗអាចនឹងមានការប្រែប្រួលប្រសិនបើកីឡាករក្រុមរបស់លោករងរបួសនៅក្នុងការប្រកួតផ្សេងៗដែលនៅសេសសល់។ ដូចនេះវាអាចកើតឡើងដោយមិនអាចស្មានដឹង ហើយក្រុមលោកត្រូវតែមានការប្រយ័ត្នប្រយែងអោយបានខ្ពស់បំផុត។