ក្រុមឡើងផ្ដាច់ព្រ័ត្រពានសម្ដេច ហ៊ុន សែន ថ្នាក់ខេត្តច្រើនជាងគេ
ចាប់តាំងពីបង្កើតបន្ថែមនូវពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្តក្នុងឆ្នាំ២០១៨មកដល់ឆ្នាំ២០២២កន្លងទៅ មានក្រុមចំនួន៥ផ្សេងគ្នាបានគ្រប់គ្រងតំណែងជើងឯក ដែលមានយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ, ខេត្តត្បូងឃ្មុំ, ព្រៃវែងអេហ្វស៊ី, កោះកុងអេហ្វស៊ី និងភ្នំពេញហ្គាឡាក់ស៊ី។
ដោយឡែក ក្រុមដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រកម្រិតខេត្តនេះច្រើនជាងគេ គឺក្រុមខេត្តត្បងឃ្មុំ។ ក្រុមរបស់គ្រូបង្គោល ផន រស្មីពេជ្រ បានឡើងដំណាក់កាលប្រជែងយកពានលើកដំបូងក្នុងឆ្នាំ២០១៩ និងបានយកឈ្នះក្រុមខេត្តសៀមរាប។
មួយឆ្នាំក្រោយមក ពោលឆ្នាំ២០២០ ក្រុមត្បូងឃ្មុំបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រជាថ្មីម្ដងទៀត តែមិនអាចរក្សាជើងឯកបានទេ ដោយចាញ់ព្រៃវែងអេហ្វស៊ី។
លុះដល់រដូវកាល២០២១ ត្បូងឃ្មុំបានបន្តក្រសោបឱកាសបង្ហាញខ្លួនក្នុងវគ្គផ្ដាច់ព្រ័ត្រម្ដងទៀត។ តែគួរឲ្យស្ដាយ ពួកគេបានត្រឹមចំណាត់ថ្នាក់លេខ២ជាលើកទី២ជាប់ៗគ្នា ដោយចាញ់កោះកុងអេហ្វស៊ី។
ដូច្នេះគិតមកទល់ពេលនេះ ត្បូងឃ្មុំ គឺជាក្រុមតែមួយគត់ដែលអាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត៣លើកជាប់ៗគ្នា។