ផ្ទុះរឿង Mane បានដាល់ Sane បែកបបូរមាត់
ខ្សែប្រយុទ្ធ Sadio Mane បានដាល់មិត្តរួមក្រុម Leroy Sane ចំមុខ បន្ទាប់ពីក្រុម Bayern Munich បានចាញ់ ០-៣ ក្រោមថ្វីជើង Manchester City ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ Champions League កាលពីអង្គារថ្ងៃទី១១ ខែមេសា។
Sky Germany ឲ្យដឹងថា Sane ហូរឈាមចេញពីបបូរមាត់ បន្ទាប់ពីត្រូវមិត្តរួមក្រុមវាយ។ ជម្លោះបានចាប់ផ្តើមបន្ទាប់ពីចប់ការប្រកួត នៅពេលដែល Mane ចូលទៅជិត Sane ហើយបានត្អូញត្អែរអំពីពាក្យសម្ដីរបស់ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់ដែលបានតម្រង់មកគេអំឡុងពេលប្រកួត។ បន្ទាប់មក Mane ស្រាប់តែវាយ និងដាល់ Sane ចំមុខ ធ្វើឱ្យមិត្តរួមក្រុមប្រញាប់ជួយអន្តរាគមន៍។
នៅក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបន្ទាប់ពីការប្រកួត Mane និង Sane ត្រូវបានបំបែកដើម្បីជៀសវាងជម្លោះម្តងទៀត។ បន្ទាប់ពី Bayern បានហោះត្រឡប់ទៅក្រុង Munich វិញ Mane បានចាកចេញពីអាកាសយានដ្ឋានក្នុងឡានផ្ទាល់ខ្លួន ខណៈ Sane បានជិះឡានក្រុងជាមួយក្រុម។
កីឡាករ Bayern មានការភ្ញាក់ផ្អើលចំពោះទង្វើរបស់ Mane ហើយមិនចង់ឱ្យតារាសេណេហ្គាល់រូបនេះបន្តបង្ហាញមុខក្នុងក្រុមឡើយ។ គេប្រឈមការពិន័យព្យួរ ឬមិនឲ្យចូលរួមក្រុម៕