បឹងកេត ឬវិសាខា នឹងក្លាយជាជើងឯកពានសម្ដេចតេជោ ២០២២?
ការប្រកួតបាល់ទាត់ពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ២០២២ នឹងចូលមកដល់នៅថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា នាកីឡដ្ឋាន ស្មាត.អរ.អេស.អិន។
បឹងកេត និងវិសាខាត្រូវប្រកួតដណ្ដើមជើងឯក ខណៈភ្នំពេញក្រោន និងអគ្គិសនីប៉ះគ្នាដណ្ដើមលេខ៣។
នេះជាការឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯកជាលើកទី៣ជាប់ៗគ្នាសម្រាប់វិសាខា ដោយ២លើកមុនពួកគេធ្វើបានសម្រេចទាំង២ដងតែម្ដង ពោលឆ្នាំ២០២០ និង២០២១។ ចំណែកគូប្រជែងបឹងកេត ធ្លាប់ឡើងផ្ដាច់ព្រ័ត្រមួយលើកក្នុងឆ្នាំ២០១៩ និងធ្វើបានសម្រេចដែរ ដោយឈ្នះព្រះខ័នរាជស្វាយរៀងលើទឹកដីភ្នំពេញក្រោននេះ។
ដោយឡែក មុនឈានដល់ការជួបគ្នាក្នុងវគ្គដណ្ដើមលេខ៣ ឆ្នាំ២០២២ នេះ អគ្គិសនីបានទម្លាក់គិរីវង់ ក្នុងវគ្គ១៦ក្រុម, ទម្លាក់ព្រះខ័នរាជស្វាយរៀង វគ្ក៨ក្រុម និងចាញ់បឹងកេតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ចំណែកភ្នំពេញក្រោនវិញ បានទម្លាក់ព្រៃវែងអេហ្វស៊ីវគ្គ១៦ក្រុម, ទម្លាក់ណាហ្គាវើលដ៍វគ្គ៨ក្រុម និងចាញ់វិសាខា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕