Chelsea ប្រកាសយកវីរៈបុរសតោខៀវមកជំនួសតំណែងគ្រូបង្វឹកនៅរដូវកាលក្រោយ
យោងតាមសារពត័មាន Sport Mediaset បានអោយដឹងថា តោខៀវ Chelsea បានសំរេចចិត្តនាំយក Frank Lampard មកកាន់តំណែងជំនួសគ្រូបង្វឹកបច្ចុប្បន្នគឺលោក Maurizio Sarri នៅរដូវកាលក្រោយ បើទោះបីជារដូវកាលនេះ បុរសជនជាតិអ៊ីតាលីបានជួយអោយ Chelsea ស្ថិតនៅចំណាត់ថ្នាក់លេខ៣ មានឈ្មោះទៅលេងនៅពានរង្វាន់ UEFA Champions League ឆ្នាំក្រោយក៏ដោយ។
អតីតកីឡាករឆ្នើមរបស់តោខៀវរូបនេះ ធ្លាប់បង្ហាញខ្លួនអោយក្រុមបានចំនួន ៦៤៩គ្រាប់ ដោយស៊ុតបញ្ចូលទីបាន ២១១គ្រាប់ និងបានជួយអោយ Chelsea ឈ្នះពាន Premier league ចំនួន ៣រដូវកាល រួមជាមួយ UEFA Champions Leageu មួយលើកផងដែរ។
Frank Lampard កំពុងតែប្រឡូកការងារជាគ្រូបង្វឹកនេះជាមួយនឹងជៀមរោមពេជ្រ Derby County ពេញមួយរដូវកាលក្នុងក្របខ័ណ្ឌបាល់ទាត់ Championship របស់អង់គ្លេស ហើយកំពុងនាំក្រុមទៅលេងវគ្គ Play-off ដើម្បីមានមុខទៅលេងនៅក្របខ័ណ្ឌ Premier League រដូវកាលក្រោយ។
យ៉ាងណាក៏ដោយ សំរាប់រឿងរ៉ាវរបស់លោក Sarri វិញ ក៏កំពុងត្រូវបានគេទាក់ទងទៅដឹកនាំនៅក្របខ័ណ្ឌ Serei A ដែលក្នុងនោះអាចមានក្លឹបដូចជា Roma, AC Milan និង Juventus ជាដើម៕