សាលី អូម៉ើត និងកីឡាករ៤រូបទៀតត្រៀមប្រកួតម៉ូតូពិភពលោកនៅអាមេរិក
ជើងខ្លាំងម៉ូតូទឹកកម្ពុជា សាលី អូម៉ើត និងកីឡាករ ៤រូបទៀត នឹងចូលរួមការប្រកួតកីឡាម៉ូតូទឹក ជ្រើសរើសជើឯងពិភពលោក Jet Ski World Series Season 2022 ជុំទី២ នៅ Lake Havasu City, រដ្ឋ Arizona សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២។
អូម៉ើត បានបញ្ជាក់ថា ការប្រកួតកីឡាម៉ូតូទឹក នៅសហរដ្ឋអាមេរិកនេះ ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ៥រូប រួមមាន កីឡាករ សាលី អូម៉ើត, សាលី ហ្វីលីន, មីន ម៉ូស្តាន់, មីន អូស្មាន់ និងកីឡាករ កៃ វ៉ាន់ស៊ីដែន កំពុងធ្វើការហ្វឹកហាត់យ៉ាងខ្លាំង ត្រៀមប្រកួតប្រជែងជាមួយអត្តពលិកខ្លាំងៗ ធ្លាប់ឈ្នះពានកម្រិតទ្វីបអាស៊ី អឺរ៉ុប និងពិភពលោក មកពីបណ្តាទ្វីបនានាជុំវិញពិភពលោក។
អូម៉ើត ទទូចថា ការប្រកួតនេះការបន្សាំខ្លួនរបស់អត្តពលិកជម្រើសរើសជាតិម៉ូតូទឹក ពង្រឹងសមត្ថភាព ដកស្រង់បច្ចេកទេស ត្រៀមដណ្តើមមេដាយ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
សាលី អូម៉ើត បន្ថែមថា កីឡាករម៉ូតូទឹកចំនួន ៥នាក់ ចូលរួមការប្រកួត Jet Ski World Series ខាងលើនេះ ទទួលបានការឧបត្តម្ភទាំងស្រុង ការហូបចុក ស្នាក់នៅ និងសំបុត្រយន្តហោះ ពីលោក Karl Heindrich Knauf ម្ចាស់ក្លិបម៉ូតូទឹក Flamingo នៅប្រទេសថៃ។ គេបានបន្តថា សម្រាប់វិញ្ញាសាប្រកួត នៅ World Series នៅសហរដ្ឋអាមេរិក និងប្រទេសថៃ នាចុងឆ្នាំ២០២២នេះ សុទ្ធសឹងជាវិញ្ញាសាសក្តានុពល សម្រាប់អត្តពលិកជម្រើសជាតិម៉ូតូទឹក ដុសខាត់សមត្ថភាព ជាមួយជើងខ្លាំងលំដាប់ទ្វីប ត្រៀមប្រជែងមេដាយពី Sea Games ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕