Mesut Ozil ប្រកាសមិនបន្តលេងឲ្យក្រុមជម្រើសជាតិអាល្លឺមង់ទៀតទេ
ខ្សែបម្រើក្លឹបកាំភ្លើងធំ Arsenal កីឡាករ Mesut Ozil បាននិយាយនៅថ្ងៃម្សិលមិញថា គេមិនចង់លេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ក្នុងការប្រកួតលក្ខណៈអន្តរជាតិទៀតនោះទេ! រៀបរាប់ក្នុងសេចក្តីថ្លែងការណ៍ដ៏វែងមួយ ដែលផ្ញើទៅសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB) កីឡាករវ័យ ២៩ឆ្នាំ បានអះអាងថា «មិនចង់ពាក់អាវជម្រើសជាតិអាល្លឺម៉ង់ទៀតទេ»។
Mesut Ozil បញ្ជាក់ថា គាត់រងការស្តីបន្ទោសជាខ្លាំង ចំពោះលទ្ធផលចាញ់របស់អាល្លឺម៉ង់ ក្នុងការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក World Cup កាលពីខែមុន។ យ៉ាងណាក៏ដោយ សម្ពាធនៃការចាកចេញរបស់ Ozil ពីក្រុមជម្រើសជាតិនេះ មិនមែនដោយសារតែលទ្ធផលនៅ World Cup មួយមុខនោះទេ ប៉ុន្តែ Ozil និងមិត្តរួមក្រុមជម្រើសជាតិ Ilkay Gundogan ក៏ទើបត្រូវបានអ្នកនយោបាយអាល្លឺម៉ង់ ជាច្រើននាក់ រិះគន់យ៉ាងចាស់ដៃ ទាក់ទងនឹងការគោរពតំលៃប្រជាធិបតេយ្យ របស់ប្រទេសអាល្លឺម៉ង់។
សំនួរនេះ លេចឡើង បន្ទាប់ពីកាលពីខែឧសភា Ozil និង Ilkay Gundogan (កីឡាករក្លឹប Manchester City) ដែលអ្នកទាំង២ មានបុព្វបុរសជាជនជាតិតួកគី បានថតរូបជុំគ្នាជាមួយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ក្នុងទីក្រុងឡុងដ៏ ខណៈប្រធានាធិបតីរូបនេះ ទៅចូលរួមក្នុងព្រឹត្តិការណ៍មួយនៅទីនោះ។ Ozil និយាយថា រូបគេ និង Ilkay Gundogan គ្រាន់តែនិយាយពីរឿងបាល់ទាត់ជាមួយលោកប្រធានាធិបតីតែប៉ុណ្ណោះ។
ក្នុងពេលជួបគ្នានោះ Ozil មិនបានបង្ហោះរូបថត ដែលថតជាមួយប្រធានាធិបតីតួកគីនោះទេ ប៉ុន្តែរូបភាពនោះ ត្រូវបានបង្ហោះដោយគណបក្សកាន់អំណាចតួកគី (AK Party) នៅពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងប្រទេសតួកគី កាលពីខែមុន។ ប៉ុន្តែអ្នកនយោបាយអាល្លឺម៉ង់ បានរិះគន់រូបភាពនោះថា Ozil បានគាំទ្រដល់លោក Erdogan ដែលបានប្រើហិង្សា បង្ក្រាបរាល់អ្នកធ្វើរដ្ឋប្រហារទម្លាក់រូបលោក យ៉ាងព្រៃផ្សៃ ក្នុងប្រទេសតួកគី។ ឆ្លើយតបនឹងអ្នកនយោបាយអាល្លឺម៉ង់ Ozil បាននិយាយថា គេបានមិនគោរពនឹងបុព្វបុរសរួចទៅហើយ ដែលជាមិនបង្ហោះរូបថតជុំគ្នាជាមួយប្រធានាធិបតីតួកគីនោះ លើបណ្តាញសង្គមរបស់ខ្លួន។ ហើយ Ozil ក៏តូចចិត្តនឹងការរិះគន់នេះដែរ។
Ozil បានបន្ថែមថា គេ និងគ្រួសាររបស់គេ បានទទួលសារអេឡិចត្រូនិច (email) សារផ្សេងៗ និងការគម្រាមកំហែងតាមទូរស័ព្ទ និងបណ្តាញសង្គម ទាក់ទងនឹងបញ្ហានេះ៕