សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រោងកែលំអពហុកីឡដ្ឋានជាតិបន្ថែម
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាការងារកែលំអហេដ្ឋារចនាសម្ព័ន្ធពហុកីឡាដ្ឋានជាតិបន្ថែមឲ្យកាន់តែល្អប្រសើ ស្របតាមស្តង់ដារអន្តរជាតិ នេះបើតាមការឲ្យដឹងពីទំព័រផ្លូវការរបស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាកាលពីម្សិលមិញ។
ក្នុងកិច្ចពិភាក្សាការងារកែលំអហេដ្ឋារចនាសម្ព័ន្ធពហុកីឡដ្ឋានជាតិ រួមមាន ៖ ការបំពាក់កៅអីអង្គុយ ការបំពាក់អំពូលភ្លើងសម្រាប់ការប្រកួតបាល់ទាត់តាមនិយាមទីផ្សារ និងការកែលម្អបន្ទប់ទឹក បន្ទប់ផ្លាស់សំលៀកបំពាក់ …។ ពហុកីឡដ្ឋានជាតិដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញមានកៅអីអង្គុយទស្សនានៅតែកន្លែងមានដំបូលប៉ុណ្ណោះ ខណៈផ្នែកខាងជើង ខាងត្បូង និងខាងកើតមិនទាន់មានកៅអង្គុយទេ ដើម្បីតម្រូវតាមស្តង់ដាររបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ក៏ដូចជា FIFA បានតម្រូវឲ្យកីឡដ្ឋានមានកៅអង្គុយត្រឹមត្រូវ និងមានហេដ្ឋារចនាសម្ព័ន្ធស្អាតល្អ។
សូមបញ្ជាក់ថា ការកែលំអបន្ថែមទៀតនេះ ដើម្បីឲ្យពហុកីឡដ្ឋានជាតិនៅកណ្តាលទីក្រុងភ្នំពេញ នាប្រទេសកម្ពុជា អោយកាន់តែមានកម្រិតស្តង់ដារ និងស្របតាមស្តង់ដារអន្តរជាតិសម្រាប់រៀបចំការប្រកួតផ្លូវការធំៗ។ ទោះជាយ៉ាងណាក្តី កម្ពុជាបានកំពុងកសាងពហុកីឡដ្ឋានជាតិថ្មីដែលមានឈ្មោះ«ពហុកីឡដ្ឋានជាតិមរតកតេជោ»ដែលធ្វើរួចប្រហែលជា ៧០ ទៅ ៨០% ហើយ៕