West Brom ទិញបានអតីតខ្សែការពារ Chelsea
(BC-99)
អតីតកីឡាករ Branislav Ivanovic របស់ Chelsea បានបញ្ចប់ការផ្លាស់ទៅ West Brom ខ្សែការពាររូបនេះបានចុះកុងត្រារយៈពេលមួយឆ្នាំដោយមិនមានតម្លៃខ្លួនបន្ទាប់ពីចាកចេញពី Zenit St Petersburg។
Ivanovic បានឈ្នះពានរង្វាន់ Premier League ចំនួន ៣ ដង, FA Cup ៣ ដង, Champions League, Europa League និង League Cup ក្នុងរយៈពេល ៩ ឆ្នាំនៅ Stamford Bridge ជាមួយនឹងក្រុមតោខៀវ Chelsea ។
កីឡាករវ័យ ៣៦ ឆ្នាំរូបនេះនឹងនាំមកនូវបទពិសោធដ៏សំបូរបែបរបស់ខ្លួនដល់ក្រុមរបស់លោក Slaven Bilic ដែលមានគោលបំណងថែរក្សាខ្លួនឲ្យបាននៅក្របខ័ណ្ឌ Premier League ជាបន្តទៀត។
ខ្សែការពារសញ្ជាតិ សែរប៊ីម្នាក់នេះបានប្រាប់គេហទំព័រក្លិបផ្លូវការរបស់ West Brom ថា “លីគកំពូលអង់គ្លេសគឺជាលីកល្អបំផុតនៅលើពិភពលោក។ ខ្ញុំត្រូវប្រកួតប្រជែងចំពោះខ្លួនឯងហើយខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនេះ។ ខ្ញុំពិតជារីករាយណាស់ដែលបានត្រលប់មកលេងនៅ Premier League វិញ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងទទួលជោគជ័យនៅទីនេះ។ ខ្ញុំមានមហិច្ឆិតាជាច្រើនហើយខ្ញុំចង់ឲ្យវាក្លាយជាការពិត។ ខ្ញុំនឹងផ្តល់អ្វីគ្រប់យ៉ាងសម្រាប់ក្រុម” ។
រីឯលោក Bilic ក៏បានបន្ថែមទៀតដែរថា៖ “គេគឺជាកីឡាករដ៏អស្ចារ្យដែលជាអំណោយផលដ៏ល្អសម្រាប់ពួកយើងដែលជាក្រុមដែលទើបឡើងមកកាន់ក្របខ័ណ្ឌ Premier League ។ គេបានកសាងសមទ្ធិផលល្អៗជាច្រើននៅក្នុងអាជីពរបស់គេ គឺពិតជាអស្ចារ្យណាស់។ ពួកយើងរីករាយណាស់។ គេនឹងបន្ថែមគុណភាពនិងបទពិសោធន៍នៅលើទីលាននិងក្រៅទីលាន”។
គួរបញ្ជាក់ថាក្រុមមួយនេះបានបើកយុទ្ធនាការណ៍ប្រកួតបើករដូវកាលរបស់ខ្លួនដោយបានប្រកួតចាញ់ក្រុមភ្ញៀវ Leicester City ដោយលទ្ធផល ៣-០ កាលពីសប្តាហ៍មុន។ នៅចុងសប្តាហ៍នេះវិញពួកគេនឹងត្រូវធ្វើដំណើរទៅប្រកួតជាមួយក្រុម Everton និងនៅចុងខែកញ្ញានេះ West Brom នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវដែលជាអតីតក្រុមចាស់របស់ Ivanovic គឺតោខៀវ Chelsea តែម្តង។