Pochettino នឹងបានសំណង១០លានអឺរ៉ូពី PSG ចំពោះការបញ្ចប់តំណែង
Paris Saint Germain បានឈានដល់កិច្ចព្រមព្រៀងក្នុងការចែកផ្លូវជាមួយគ្រូបង្គោល Mauricio Pochettino និងក្រុមការងារគ្រូបង្វឹករបស់លោកហើយ ក្រោយចរចាគ្នាអស់រយៈពេល២សប្ដាហ៍។
បើតាមសារព័ត៌មាន L’Equipe ថ្នាក់ដឹកនាំក្រុមជើងឯក Ligue 1 ចង់ផ្ដល់សំណងតិចតួចដើម្បីផ្ដាច់កុងត្រាដែលនៅសល់សុពលភាពដល់ខែមិថុនា ឆ្នាំ២០២៣ ប៉ុន្តែលោក Pochettino មិនព្រម។
ជាចុងក្រោយ គ្រូបង្វឹកជនជាតិអាហ្សង់ទីនបានព្រមព្រៀងទទួលយកតម្លៃ១០លានអឺរ៉ូ។ អតីតអ្នកចាត់ការ Tottenham ត្រូវបានប្រកាសថា នឹងចាកចេញពីកីឡដ្ឋាន Parc de Prince តាំងពីថ្ងៃទី១០ ខែមិថុនា ម្ល៉េះ ប៉ុន្តែលោកមិនទាន់ប្រកាសផ្លូវការ ដរាបណាមិនទាន់ទទួលបានសំណងជាទីពេញចិត្ត។ ទន្ទឹមនឹងនេះដែរ គ្រូបង្គោល Nice លោក Christophe Galtier ជាបេក្ខជននាំមុខគេក្នុងការកាន់តំណែងគ្រូបង្គោលថ្មីរបស់ PSG៕