
Zidane ពន្យល់ហេតុផលចំពោះការចាកចេញពី Real Madrid
មុននេះបន្តិច អតីតកីឡាករជម្រើសជាតិបារាំង លោក Zinedine Zidane បានធ្វើឲ្យពិភពលោកទាំងមូល មានការភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការប្រកាសលាចេញពីតំណែងជាអ្នកចាត់ការទូទៅក្រុមអធិការ Real Madrid ដែលទើបតែលើកពានរង្វាន់ក្រុមបាល់ទាត់អឺរុប Champions League កាលពីសប្តាហ៍។

Zinedine Zidane ក្នុងសន្និសីទកាសែត នៅថ្ងៃទី ៣១ឧសភានេះ។
ថ្លែងក្នុងសន្និសីទកាសែត លោក Zidane បាននិយាយថា៖ «ខ្ញុំបានធ្វើការសម្រេចចិត្ត ដើម្បីជំហានថ្មីមួយ។ ខ្ញុំដឹងថាវាចម្លែក ប៉ុន្តែក្រុមនេះ គឺត្រូវការការផ្លាស់ប្តូរ ដើម្បីរក្សាជ័យជម្នះ ពួកគេត្រូវការទស្សនវិស័យផ្សេង គឺផ្សេងពីអ្វីដែលយើងកំពុងធ្វើ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តថាត្រូវតែចាកចេញ។» លោក Zidane បន្តថា៖ «ខ្ញុំស្រលាញ់ Real Madrid និងប្រធានក្លឹប លោក Perez»។
ចំណែក លោក Perez បាននិយថា៖ «នេះមិនមែនជាការលាគ្នាទេ! ខ្ញុំចង់អរគុណដល់អ្វីដែល Zidane បានលះបង់ និងបូជា។ ខ្ញុំគិតថា គាត់ត្រូវការសម្រាកខ្លះ»។ បន្ថែមលើកការលើកឡើងនេះ លោកប្រធានក្លឹប ក៏បញ្ជាក់ថា Zidane ក៏នឹងមិនធ្វើជាគ្រូបង្វឹករបស់ក្លឹប នៅរដូវកាលក្រោយទេ។
ក្រោយចប់ប្រសាសន៍របស់ប្រធានក្លឹប Zidane បានបង្ហាញមនោសញ្ចេតនាថា៖ «អនុស្សាវរីយ៍ដ៏ល្អសម្រាប់ខ្ញុំ នៅទីនេះ គឺការជឿទុកចិត្តរបស់លោកប្រធានក្លឹប។ ក្នុងនាមជាគ្រូបង្វឹក រឿងដែលល្អបំផុតសម្រាប់ខ្ញុំ គឺឈ្នះពានរង្វាន់ក្របខណ្ឌ La Liga ហើយរឿងអាក្រក់បំផុត គឺបានប្រកួតចាញ់ក្រុម Leganes ក្នុងពានរង្វាន់ Copa del Rey»។
តាមលោក Zidane ការសម្រេចចិត្តនេះ គឺជាការធ្វើឲ្យក្លឹបអាចរក្សាជ័យជម្នះបន្តទៀត។
គួរជម្រាបជូនថា ការប្រកាសចាកចេញពីតំណែងអ្នកចាត់ការ Real Madridនេះ ធ្វើឡើង ១ សប្ដាហ៍ ក្រោយក្លឹបទើបបានតែឈ្នះ Champions League រដូវកាល ២០១៧- ២០១៨ ដោយបំបាក់ Liverpool 3-1 ក្នុងកីឡដ្ឋាន ក្រុងគៀវ។ តាំងពីចូលដឹកនាំក្លឹបយក្សអេស្ប៉ាញ កាលពីឆ្នាំ ២០១៦ លោក Zidane ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ជាច្រើនទទួលស្គាល់ថា ជាអ្នកចាត់ការដ៏ជោគជ័យ។ អំឡុងពេល ៣ ឆ្នាំ នៃភាពជាមេដឹកនាំនេះ លោកនាំក្លឹប ឲ្យឈ្នះពានរង្វាន់ ដល់ទៅ ៨ ក្នុងនោះរួមមានពាន Champions League ៣ឆ្នាំជាប់គ្នា (២០១៦,២០១៧,២០១៨) ពានលីកកំពូលអេស្ប៉ាញ La Liga (រដូវកាល ២០១៦-១៧) ពាន UEFA Super Cup ២លើក FIFA Club World Cup ២លើក និង Supercopa de Espana ១លើក៕