អតីតគ្រូ Man UTD ជិតទៅធ្វើគ្រូធំហូឡង់ជាលើកទី៣
បើតាមសេចក្ដីរាយការណ៍ លោក Louis van Gaal បានខិតកាន់តែជិតលើកិច្ចព្រមព្រៀងជាគ្រូបង្គោលថ្មីនៃក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ និងជាលើកទី៣សម្រាប់លោក។
របាយការណ៍នៅថ្ងៃពុធ ទី២១ ខែកក្កដា ឲ្យដឹងថា បានយល់ព្រមលើការចូលកាន់តំណែងនេះសាជាថ្មី សម្រាប់យុទ្ធនាការឆ្ពោះទៅ FIFA World Cup 2022 នៅកាតារ។
សហព័ន្ធបាល់ទាត់ហូឡង់ពុំទាន់បញ្ជាក់លម្អិតពីព័ត៌មាននេះទេ។
ការតែងតាំងអតីតអ្នកចាត់ការ Ajax, Barcelona, AZ Alkmaar និង Manchester United រូបនេះត្រូវបានធ្វើឡើងដើម្បីជំនួសលោក Ronald Koeman ដែលបានលាឈប់ក្រោយហូឡង់ធ្លាក់ចេញពី Euro 2020 ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។
ក្រុមរហស្សនាមមច្ចុរាជពណ៌ទឹកក្រូចត្រូវមានការប្រកួតមួយតទល់ន័រវេ នៅថ្ងៃទី០១ ខែកញ្ញា ខាងមុខ។
គួរដឹងដែរថា លោក Louis van Gaal ធ្លាប់បង្វឹកហូឡង់ ឆ្នាំ២០០០ដល់២០០២ និង២០១២ដល់២០១៤។ លោកទំនេរពីការងាររយៈពេល៥ឆ្នាំហើយ ក្រោយចាកចេញពី Manchester United ជាទីរូបលោកកាន់តំណែងជាអ្នកចាត់ការបានមួយរដូវកាល គឺឆ្នាំ២០១៤ដល់២០១៦ និងឈ្នះពាន FA Cup មួយគ្រឿងក្នុងរដូវកាលចុងក្រោយ៕