ឧត្តរមានជ័យប៉ះហ្គាឡាក់ស៊ីថ្ងៃនេះ យកពានសម្ដេចតេជោថ្នាក់ខេត្ត
ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល២០២២ ចូលមកដល់នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា នាកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ វេលាម៉ោង១៥និង៣០នាទី រវាងក្រុមខេត្តឧត្តរមានជ័យ និងក្រុមភ្នំពេញហ្គាឡាក់ស៊ី។
មុនឡើងមកកាន់វគ្គចុងក្រោយនេះ ក្រុមភ្នំពេញហ្គាឡាក់ស៊ីបានទម្លាក់ក្រុមឫទ្ធិសែន និងឧត្តរមានជ័យឈ្នះក្រុមខេត្តកំពត។
លោក លី ដារ៉ា គ្រូបង្គោលក្រុមខេត្តឧត្តរមានជ័យថ្លែង បានបង្ហាញអារម្មណ៍សប្បាយចិត្តដែលខេត្តរបស់លោកបានមកដល់វគ្គផ្ដាច់ព្រ័ត្រថ្នាក់ខេត្តជាលើកទីមួយ។ លោកបានអរគុណទស្សនិកជន និងសប្បុរសជនទាំងអស់ដែលបានរួមចំណែកជួយជ្រោមជ្រែងក្រុមកន្លងមក។ លោកថា វគ្គចែកពូល ក្រុមរបស់លោកធ្វើមិនបានល្អ ព្រោះកូវីដ១៩មិនទាន់ធូរស្រាល ពិបាកប្រមូលផ្ដុំ។ តែក្រោយមក ស្ថានភាពបានធូរស្បើយដែលអាចប្រមូលផ្ដុំបានប្រសើរឡើងវិញ។
សម្រាប់លោក លី ពិសី អ្នកចាត់ការក្រុមភ្នំពេញហ្គាឡាក់ស៊ី មានមោទកភាពដែលបានឡើងមកកាន់វគ្គនេះ និងជាក្ដីស្រមៃដែលរង់ចាំអស់រយៈពេល១៤ឆ្នាំ។ គ្រប់ការប្រកួតទាំងអស់ដែលក្រុមលោកបានជួបសុទ្ធតែមានសមត្ថភាពល្អ ហើយក្រុមលោកក៏បានធ្វើការងារធ្ងន់ តាំងពីនៅវគ្គចែកពូល។ លោកថា តែងតែឲ្យតម្លៃគូប្រកួត ហើយបានប្រឹងប្រែងហ្វឹកហាត់ និងលេងដោយប្រុងប្រយ័ត្ន។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ជ័យជម្នះបានទៅលើក្រុមឫទ្ធិសែន ក្រោយឈ្នះកំពត ២ទល់នឹង០៕