បាល់ទាត់បុរសស៊ីហ្គេមពូល A ប្រកួតទី១ ខណៈម្ចាស់ផ្ទះវៀតណាម និងហ្វីលីពីនបាន៣ពិន្ទុ
ក្រុមបាល់ទាត់បុរសអាយុក្រោម២៣ឆ្នាំវៀតណាម បានយកឈ្នះក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំឥណ្ឌូនេស៊ី ដោយលទ្ធផល៣ទល់នឹង០ ក្នុងការប្រកួតបើកឆាកពូល A នៅថ្ងៃសុក្រ ទី០៦ ខែឧសភា នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅវៀតណាម។
គ្រាប់ទាំង៣របស់ក្រុមម្ចាស់ផ្ទះកើតឡើងក្នុងវគ្គទី២ទាំងអស់តែម្ដង។ ចំណែកលទ្ធផលមួយគូទៀត គឺហ្វីលីពីន បានយកឈ្នះទីម័រខាងកើត ៤ទល់នឹង០។ ប្រកួតក្រោយនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី០៨ ខែឧសភា ទីម័រខាងកើតត្រូវជួបមីយ៉ាន់ម៉ា និងម្ចាស់ផ្ទះវៀតណាម ប៉ះហ្វីលីពីន។
សម្រាប់ ពូល B ត្រូវបើកយុទ្ធនាការស្វែងរកពិន្ទុនៅថ្ងៃសៅរ៍ ទី០៧ ខែឧសភា ដែលសិង្ហបុរីជួបឡាវ និងថៃ ប៉ះម៉ាឡេស៊ី។
ដោយឡែក U23 កម្ពុជាត្រូវប្រកួតជាមួយឡាវប្រចាំពូល B នៅថ្ងៃចន្ទ ទី០៩ ខែឧសភា៕