ចាន់ វឌ្ឍនាកា នឹងខកខានឱកាសមួយចំនួនប្រសិនបើរបួសកម្រិតខ្លាំង
គិតមកទល់ពេលនេះ គេមិនទាន់ដឹងច្បាស់ពីស្ថានភាពរបស់តារាឆ្នើម ចាន់ វឌ្ឍនាកា ថាយ៉ាងណាទេពាក់ព័ន្ធទៅនឹងរបួសរបស់គេ។
បើតាមប្រភពស្និទ្ធមួយចំនួន ខ្សែប្រយុទ្ធក្លិបបឹងកេតបានបញ្ជាក់ច្បាស់ហើយថា គេដល់ដំណាក់កាលដាច់សរសៃពួរជង្គង់ទៅហើយ។ ប្រសិនបើមានបញ្ហានេះមែននោះ កីឡាករជម្រើសជាតិដដែលនឹងត្រូវចំណាយពេលយ៉ាងយូរ យ៉ាងហោចណាស់ពី៦ទៅ៨ដើម្បីព្យាបាល។
ការសម្រាកយូរនេះនឹងធ្វើឲ្យចាន់ វឌ្ឍនាកា ខកខានឱកាសមួយចំនួន។
១. មិនអាចលេងក្នុងការប្រកួតរដូវកាល២០២២ នឹងជាឆ្នាំដំបូងនៃកំណែទម្រង់ថ្មី ហៅថា Cambodian Premier League ដែលមានតែ៨ក្រុម និងកាន់តែស្វិតស្វាញជាងមុន។
២. ចាន់ វឌ្ឍនាកា ក៏មិនអាចចូលរួមក្រុមជម្រើសជាតិកម្ពុជាក្នុងការប្រកួតជើងឯកអាស៊ីអាគេ្នយ៍ ២០២២ ឬ AFF Cup 2022 (ទីតាំងមិនទាន់បញ្ជាក់ច្បាស់នៅឡើយ)។
៣. ចាន់ វឌ្ឍនាកា នឹងខកខានឱកាសតាមស្មើចំនួនគ្រាប់បាល់របស់លោក ហុក សុចិត្រា ក្នុងក្រុមជម្រើសជាតិ (All Time Top Scorer)។ លោក ហុក សុចិត្រា មាន២០គ្រាប់ ខណៈវឌ្ឍនាកា មាន១៩។
គួររំឭកថា ចាន់ វឌ្ឍនាកា បានភ្លាត់ដួលខ្លួនឯងធ្វើឲ្យមានបញ្ហាជង្គង់ក្នុងការប្រកួតមិត្តភាពតទល់វិសាខា នៅថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២៕