Diego Costa ស្នើលុបកុងត្រានៅ Atletico Madrid
Diego Costa មិនបានចូលរួមហ្វឹកហាត់ជាមួយសមាជិកដទៃទៀតនៅ Atletico Madrid ទេប៉ុន្មានថ្ងៃចុងក្រោយនេះ និងបានស្នើចាកចេញក្នុងខែមករា ឆ្នាំ២០២១។
យោងតាម Goal ខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញដើមកំណើតប្រេស៊ីលពិតជាចង់ចាកចេញពីក្លិបកំពូលតារាង La Liga មួយនេះណាស់ ខណៈកិច្ចសន្យារបស់គេនឹងអស់សុពលភាពក្នុងខែមិថុនា ខាងមុខ។ យ៉ាងណា គេចង់ចេញនៅខែមករា នេះតែម្ដង។
ដោយឡែកសារព័ត៌មាន Mundo Deportivo បង្ហើបថា Atletico Madrid បានចងលក្ខខណ្ឌមួយដែលពួកគេនឹងទទួលបាន២៥លានអឺរ៉ូប្រសិនបើ Costa ទៅចូលរួមជាមួយ Real Madrid, Barcelona ឬ Sevilla។ ប្រសិនបើផ្លាស់ទៅក្រុមកំពុងលេងនៅ UEFA Champions League គេត្រូវបង់ឲ្យ ATM ៥លានអឺរ៉ូ។ ក្រៅពីលក្ខខណ្ឌនេះ គេអាចចាកចេញដោយឥតគិតថ្លៃក្នុងខែមករា។ កាលថ្ងៃទី២៨ ខែធ្នូ Costa បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំដែរ តែមិនបានសម្រេចអ្វីជារួមនៅឡើយ ព្រោះគេចង់ទៅលេងក្លិបធំ។
រដូវកាលនេះ គេលេងបានតែ៧ប្រកួតទេ និងទាត់ចូលពីរគ្រាប់។ គេជួបបញ្ហារបួសញឹកញាប់ដែរ ហើយជួនគ្នានេះ លោក Diego Simeone បានដាក់ Luis Suarez ជាខ្សែប្រយុទ្ធជម្រើសដំបូង។
ពីចន្លោះឆ្នាំ២០១២ដល់២០១៤ កីឡាករវ័យ៣២ឆ្នាំបង្ហាញសមត្ថភាពយ៉ាងល្អសម្រាប់ Atletico Madrid ដោយរកបាន៦៤គ្រាប់ពី១៣៥ប្រកួត មុនចំណាយពេល៣ឆ្នាំនៅ Chelsea។ គេបានវិលទៅ ATM ខែមករា ឆ្នាំ២០១៨៕