Premier League ចេញច្បាប់ថ្មីរឹតបន្តឹងរឿងស្នើពន្យារការប្រកួត
ទំព័រផ្លូវការនៃក្របខណ្ឌ Premier League បញ្ជាក់ថា ចាប់ពីពេលនេះទៅ ក្លិបណាដែលចង់ស្នើសុំពន្យារការប្រកួត ទាល់តែមានកីឡាករវិជ្ជមានកូវីដ១៩យ៉ាងហោច៤នាក់។ Premier League ចេញច្បាប់នេះដើម្បីបញ្ឈប់ក្រុមខ្លះចេះតែចង់ពន្យារប្រកួត។
“ការដាក់ពាក្យសុំពន្យារប្រកួតនឹងបន្តដោយការវាយតម្លៃលើស្ថានភាពកីឡាករក្នុងក្រុម។ គេពិនិត្យលក្ខខណ្ឌ និងផលប៉ះពាល់ជាមុនសិន ថាអាចលេងបានដោយសុវត្ថិភាពឬអត់។” ជាការប្រកាសរបស់ Premier League។
សេចក្ដីសម្រេចនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាងតំណាងក្លិបទាំង២០នៅលីគកំពូលអង់គ្លេសពេលមានការរិះគន់រឿងចេះតែសុំពន្យារពេលថ្មីៗនេះ។
បើនិយាយពីច្បាប់ចាស់វិញ គេចែងថា បើអត់មានកីឡាករលេងបានគ្រប់១៣នាក់ (មិនគិតអ្នកចាំទី) នោះការប្រកួតនឹងត្រូវបានពន្យារពេល។ អ៊ីចឹងហើយទើបធ្វើឲ្យមានក្រុមជាច្រើនស្នើពន្យារ។ តែតាមការពិតអ្នកខ្លះរបួស អ្នកខ្លះទៅទាត់ពានអាហ្វ្រិក ក៏ចេះតែសុំពន្យារដែរ៕