អ្នកបង្កើតច្បាប់បាល់ទាត់បានចេញសេចក្តីណែនាំថា VAR មិនគួរធ្វើកោសល្យវិច័យក្នុងព្រិត្តិការណ៍ប្រកួតច្រើនពេកទេ
(BC-99)
ក្រុមអ្នកបង្កើតច្បាប់បាល់ទាត់បានចេញមកសម្តែងនូវគំនិតយោបល់របស់ខ្លួនថា ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល VAR មិនគួរប្រើក្នុងការធ្វើកោសល្យវិច្ច័យច្រើនពេកទេនៅក្នុងការបញ្ជាក់ពីជំហរ Offside ឬកំហុសផ្សេងទៀត តែគេគួរតែប្រើវាសម្រាប់តែការមើលរូបភាពសារឡើងវិញដូចដែលបានណែរនាំតែប៉ុណ្ណោះ។
គ្រាប់បញ្ចូលទីចំនួន៥គ្រាប់នៅ Premier League ត្រូវបានលុបចោលនៅចុងសប្តាហ៍មុននេះដោយការកាត់ក្តីតាមរយៈប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាលនូវគោលជំហរ Offside ដែលវាបានបណ្តាលឱ្យអ្នកគ្រប់គ្រងក្រុមបាល់ទាត់ព្រមទាំងកីឡាករមួយចំនួនធ្វើការរិះគន់យ៉ាងចាស់ដៃចំពោះ VAR ។
លោក Lukas Brud អគ្គលេខាធិការនៃក្រុមប្រឹក្សាភិបាលសមាគមបាល់ទាត់អន្តរជាតិបានបង្ហាញគំនិតរបស់ខ្លួនថា “គ្រប់គ្នាបានមើលឃើញថា VAR ប្រហែលជាត្រូវការកែតម្រូវឡើងវិញ” ។ លោកក៏បានបន្ថែមថា នាកិច្ចប្រជុំប្រចាំឆ្នាំរបស់ FA នៅក្នុងខែកុម្ភៈឆ្នាំ២០២០ខាងមុខនេះលោកនឹងលើកយកប្រធានបទ VAR មកជជែកវែកញែកមុននឹងដាក់វាជាប្រធានបទសំខាន់នៅអង្គប្រជុំ FIFA ជាបន្ត។

លោក Lukas Brud អគ្គលេខាធិការនៃក្រុមប្រឹក្សាភិបាលសមាគមបាល់ទាត់អន្តរជាតិ
បើទោះជាមានការចងក្រងជាក្បួនច្បាប់នៅក្នុងការប្រកួតប្រជែងបាល់ទាត់រួចរាល់ហើយក្តី ក៏គេបានដាក់ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល VAR ជួយវិភាគសកម្មភាពកីឡាករបន្ថែមទៀតដើម្បីអោយអជ្ញាកណ្តាលធ្វើការសម្រេចចិត្តដើម្បីកាត់ក្តី។ ក៏ប៉ុន្តែចាប់តាំងពីការប្រើ VAR នេះមកបែជាអជ្ញាកណ្តាលមិនសូវពឹងផ្អែកលើសមត្ថភាពកាត់ក្តីដូចពីកាលមិនទាន់មានវត្តមាន VAR ទៅវិញ។ ជារឿយៗគេឃើញអជ្ញាកណ្តាលនៅ Premier League ហាក់ដូចជារត់តាមពីក្រោយ VAR ទៅវិញ។
ក្រុម Norwich, Brighton, Crystal Palace, Wolves និង Sheffield United សុទ្ធសឹងតែបាត់គ្រាប់បាល់ស៊ុតបញ្ចូលទីដោយយោលទៅលើការ Offside តាមរយៈការកាត់ក្តីដោយ VAR នៅចុងសប្តាហ៍នេះ។ អ្នកដឹកនាំក្លិបទាំងអស់ខាងលើនេះបានសម្តែងនូវការមិនពេញចិត្តរបស់ខ្លួន ហើយមានខ្លះក៏បានដាក់លិខិតតិទៀនអោយមានការស្ថាបនាវិញនូវតួនាទី VAR នេះដែរ។ ដោយឡែកលោក Pep Gaurdiola អ្នកចាត់ការទូទៅរបស់ Manchester City បាននិយាយថា VAR កំពុងតែបំផ្លាញប្រជាប្រិយ៍ភាពរបស់ Premier League ឬក៏ “VAR ពិតជាធុញទ្រាន់ខ្លាំងមែនទែន” ដែលនេះជាការលើកឡើងដោយលោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ហង្សក្រហម Liverpool ៕