មូលហេតុដែល Erling Haaland សម្រេចចិត្តជ្រើសរើសយកការចូលរួមជាមួយក្រុមអាឡឺម៉ង់ Borussia Dortmund
(BC-99)
ពិតជាដំណឹងដ៏គួរអោយភ្ញាក់ផ្អើលសម្រាប់ទីផ្សារទិញដូរកីឡាករក្នុងពេលដែលខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ Erling Haaland សម្រេចចិត្តទាត់ចោលក្រុមធំៗមួយចំនួនដែលមានដូចជា Manchester United និង Juventus បែជាមកជ្រើសរើសក្រុមនៅក្របខណ្ឌកំពូលអាឡឺម៉ង់ Borussia Dortmund ទៅវិញ។
បើយោលទៅលើ Express ដែលបានចេញផ្សាយក្នុងថ្ងៃនេះបានបញ្ជាក់អោយដឹងថា ក្រុមបិសាចក្រហមទៅវិញទេដែលបានបោះបង់ Erling Haaland ចេញពីដៃយ៉ាងដូច្នេះ។ សារព័ត៌មានដដែលបានធ្វើការបញ្ជាក់ថា ក្រោយពីជួបចចារជាមួយ Erling Haaland និងឪពុករបស់ខ្លួនរួចមក ក្រុម Manchester United ក៏បានទម្លាក់ការពិភាក្សារនេះចោលតែម្តងដោយសារតែ Haaland បានទាមទារទឹកប្រាក់ខ្ពស់ពេកដែលបិសាចក្រហមគិតថាវាជារឿងមិនអាចទៅរួច។ មួយវិញទៀតអតីតកីឡាកររបស់ RB Salzburg រូបនេះមិនសូវមានទីផ្សារពាណិជ្ជកម្មសម្រាប់រកចំណូលត្រឡប់អោយក្រុមនោះទេ។
មិនខុសពីសារព័ត៌មាននៅអង់គ្លេសប៉ុន្មានដែរនៅអាឡឺម៉ង់ឯណោះវិញបានលាតត្រដាងពីមូលហេតុដែល Erling Haaland ធ្វើការសម្រេចចិត្តរើសយក Dortmund ដែលចុះកិច្ចសន្យាដល់ឆ្នាំ ២០២៤ ថាមកពីក្លិបមួយនេះហ៊ានអោយនូវអ្វីដែលកីឡាករណ័រវេយ៍រូបនេះចង់បាន ពោលគឺតម្លៃទិញផ្តាច់កុងត្រា ប្រាក់កម្រៃប្រចាំសប្តាហ៍ដ៏ខ្ពស់ រួមទាំងការសន្យាអោយកីឡាកររូបនេះបានចូលរួមគ្រប់៩០នាទីរៀងរាល់ប្រកួត។