បឹងកេតចាញ់ព្រៃវែងក្នុងការប្រកួតពានមិត្តភាព
ក្រុមលីគទី១បឹងកេតបានប្រកួតចាញ់ព្រៃវែងអេហ្វស៊ីដែលជាក្រុមនៅលីគទី២ ដោយលទ្ធផល៣ទល់នឹង១ ក្នុងការប្រកួតពានរង្វាន់មិត្តភាពមួយនៅពហុកីឡដ្ឋានព្រីនស៍ ថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២នេះ។
នេះជាការប្រកួតទី១សម្រាប់បឹងកេតក្នុងពូល B ខណៈព្រៃវែងអេហ្វស៊ីប្រកួតបាន១លើកហើយ ដោយចាញ់វិសាខា ៣ទល់នឹង១។
ក្នុងការប្រកួតនេះ បឹងកេតបានដាក់ខ្សែប្រយុទ្ធថ្មី Ajayi Opeyemi Okerede ចាប់ដៃគូប្រយុទ្ធជាមួយ Abee Ndjoo និងសៀង ចន្ធា ខណៈចាន់ វឌ្ឍនាកា នៅកៅអីបម្រុង។ ចំណែក ឯម ផាន់ណា អតីតកីឡាករគិរីវង់សុខសែនជ័យ ស្ថិតក្នុងតំបន់កណ្ដាល។
ព្រៃវែងបាននាំមុខដោយអះម៉ាត់ ស៊ូរីម ក្នុងនាទី៣៧ ពីការភ្លាត់ស្នៀតរបស់អ្នកចាំទី ហ៊ុល គឹមហ៊ុយ ដែលព្យាយាមអូសកាត់រូបគេ តែមិនផុត។ ស៊ូរីម ក៏លូកជើងទាត់ចូលតែម្ដង។
ចូលដល់វគ្គទី២ នាទី៧១ វឿន វ៉ា ទាត់រំលងដៃអ្នកចាំទី ហ៊ុល គឹមហ៊ុយ បញ្ចូលទីគ្រាប់ទី២ មុនចាន់ វឌ្ឍនាកា វាយបកតាមពីក្រោយឲ្យបឹងកេតនៅ២នាទីបន្ទាប់។
ប៊ុនធឿន ប៊ុណ្ណារ៉ុង បន្ថែមបានគ្រាប់ទី៣សម្រាប់ព្រៃវែង ក្នុងនាទី៨៧។ ប្រកួតចុងក្រោយក្នុងពូល B បឹងកេតត្រូវប៉ះម្ចាស់ផ្ទះវិសាខា៕