ប៉ះដាណឺម៉ាកថ្ងៃនេះ Lukaku ស្នើផ្អាកសកម្មភាពមួយភ្លែតក្នុងនាទីទី១០ បង្ហាញការគោរពដល់ Eriksen
កីឡាករក្រុមបាល់ទាត់បែលហ្ស៊ីក និងដាណឺម៉ាក នឹងចូលរួមជាមួយអ្នកគាំទ្រដើម្បីផ្ដល់កម្លាំងចិត្តដល់ Christian Eriksen។
បើតាមសារព័ត៌មាន ESPN បែលហ្ស៊ីកនឹងផ្អាកសកម្មភាពបន្តិចក្នុងនាទីទី១០ក្នុងជំនួបជាមួយដាណឺម៉ាកនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា។ គំនិតនេះជាការផ្ដួចផ្ដើមដោយ Romelu Lukaku ដើម្បីផ្ញើសារផ្ដល់កម្លាំងចិត្តដល់ Christian Eriksen ដែលបានដួលសន្លប់ដោយសារបញ្ហាបេះដូងកាលពីប៉ុន្មានថ្ងៃមុន។
Lukaku ថ្លែងបែបនេះ “៖ខ្ញុំបានលើកឡើងពីគំនិតនេះ ហើយក៏ទទួលបានការអនុញ្ញាតពីគ្រូ។ ខ្ញុំចង់ទៅសួរសុខទុក្ខ Eriksen ណាស់។”
Lukaku និយាយបន្ថែមថា គេបានស្រក់ទឹកភ្នែកបន្ទាប់ពីដឹងរឿង Eriksen សន្លប់។ ក្រោយទាត់ចូលរុស្ស៊ី គេបានឈរមុខកាមេរ៉ាផ្ញើពាក្យលើកទឹកចិត្តដល់មិត្តរួមក្រុម Inter Milan រូបនេះ។
ដាណឺម៉ាកកំពុងជួបការលំបាកបន្ទាប់ពីចាញ់ហ្វាំងឡង់១ទល់នឹង០ក្នុងថ្ងៃបើកឆាក។ ប្រសិនបើចាញ់បែលហ្ស៊ីកថ្ងៃនេះទៀត ពួកគេនឹងសល់សង្ឃឹមតិចតួចប៉ុណ្ណោះ។
ប៉ុន្មានថ្ងៃមុននេះដែរ អតីតអ្នកចាំទីជម្រើសជាតិដាណឺម៉ាក លោក Peter Schmeichel បានចោទប្រកាន់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុបថា បានបង្ខំឲ្យក្រុមរបស់លោកបន្តការប្រកួតត្រឹមមួយម៉ោងបន្ទាប់ពីហេតុការណ៍របស់ Eriksen។ យ៉ាងណា UEFA បញ្ជាក់ថា ការលេងឡើងវិញក្នុងថ្ងៃដដែលនោះ គឺកើតឡើងពីការព្រមព្រៀងពីដាណឺម៉ាក និងហ្វាំងឡង់ ដោយផ្ទាល់៕