កីឡាករចំបាប់កម្ពុជានឹងទៅហាត់នៅអ៊ីរ៉ង់ដើម្បីត្រៀមស៊ីហ្គេម
ដើម្បីពង្រឹងសមត្ថភាពកីឡាករត្រៀមចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមទាំងនៅវៀតណាម ២០២២ និងកម្ពុជា ២០២៣ ក៏ដូចជាការប្រកួតអន្តរជាតិនានា ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បង្ហើបថា នឹងបញ្ជូនកីឡាកររបស់ខ្លួនផ្នែកចំបាប់សេរីទៅហ្វឹកហាត់រយៈពេលជិត៣ខែនៅប្រទេសអ៊ីរ៉ង់ ពោលពីពាក់កណ្ដាលខែកុម្ភៈដល់ដើមខែឧសភា។
ការជ្រើសរើសទៅហាត់នៅប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ានេះ ដោយសារតែអ៊ីរ៉ង់មានសមត្ថភាពខ្ពស់ក្នុងកីឡាចំបាប់ មានស្នាដៃយ៉ាងច្រើន ពោល៦០ទៅ៧០ភាគរយដណ្ដើមបានជើងឯកពិភពលោក ហើយការរៀបចំការប្រកួតនៅទីនោះក៏មានស្តង់ដារខ្ពស់។ មិនត្រឹមតែហ្វឹកហាត់ប៉ុណ្ណោះទេ កីឡាករកម្ពុជានឹងប្រកួតដើម្បីសាកល្បងបច្ចេកទេសផងដែរ ព្រោះការប្រកួតក្នុងស្រុកនៅអ៊ីរ៉ង់មានកម្រិតខ្ពស់ជាងស៊ីហ្គេមទៅទៀត។
ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ក្រោយវិលពីអ៊ីរ៉ង់ កីឡាករកម្ពុជានឹងចូលរួមប្រកួតស៊ីហ្គេមនៅវៀតណាមតែម្ដងដែលជាស៊ីហ្គេមវាស់ស្ទង់ដែលអ្នកហាត់នៅអ៊ីរ៉ង់ ដើម្បីរកមើលចំណុចខ្លាំង និងចំណុចខ្សោយ។ ក្នុងឆ្នាំ២០២២នេះ ក៏មានការប្រកួតច្រើនដែរ ដូច្នេះកីឡាករត្រូវប្រឹងប្រែងខ្លាំងដើម្បីជ័យជម្នះ ដើម្បីភ្លេងជាតិកម្ពុជា។
ប្រធានសហព័ន្ធចំបាប់ដដែល បញ្ជាក់ថា គណៈកម្មការស៊ីហ្គេមកម្ពុជា ឬ CAMSOC ក៏បានដាក់គោលដៅដល់ចំបាប់យ៉ាងហោចណាស់ដណ្ដើមឲ្យបានមេដាយមាស៣គ្រឿងក្នុងស៊ីហ្គេមនាពេលខាងមុខ។
យ៉ាងណា ឯកឧត្តម វ៉ាត់ ចំរើន មិនទាន់បញ្ជាក់ពីចំនួនកីឡាករដែលត្រូវនឹងបញ្ជូនទៅហាត់នៅអ៊ីរ៉ង់នៅឡើយទេ៕