អតីតម្ចាស់ខ្សែក្រវាត់គុនចម្រុះ ស៊ឹម ប៊ុនស្រ៊ន់ ពង្រីកជំនួញបន្ថែម
បន្ទាប់ពីទទួលបានលទ្ធផលផ្លែផ្កាលើកសិដ្ឋានអភិវឌ្ឍន៍កសិកម្ម អតីតអ្នកប្រដាល់គុនចម្រុះ ស៊ឹម ប៊ុនស្រ៊ន់ បានចាប់ដៃមិត្តភក្ដិបោះទុនបើកដំណើរការអាជីវកម្មក្រុមហ៊ុនដឹកជញ្ជូនមួយឈ្មោះថា Cheetah Express ។ ក្រុមហ៊ុននេះផ្ដោតលើការទិញទំនិញ និងដឹកជញ្ជូនអីវ៉ាន់ពីក្រៅប្រទេស និងពីក្នុងប្រទេសទៅក្រៅប្រទេសផងដែរ។
សម្រាប់មុខរបរថ្មីនេះ កីឡាករមានប្រភពពីខេត្តកំពង់ចាម បានឲ្យដឹងថា ចំណាយទុនខ្ទង់៣ម៉ឺនដុល្លារអាមេរិក ដោយសហការជាមួយមិត្តជិតស្និទ្ធម្នាក់។ នេះក៏ជាមុខរបរទី២សម្រាប់គេដែរ ក្រោយទទួលបានផ្លែផ្កាពីកសិដ្ឋានបណ្ដុះដើមឈើលើទឹកដីកំណើតខេត្តកំពង់ចាម។
ជាមួយគ្នានេះដែរ កីឡាករធ្លាប់ឈ្នះខ្សែក្រវាត់កម្មវិធីកំពូលអ្នកប្រយុទ្ធនៅ MyTV ផ្ដាំផ្ញើអ្នកប្រដាល់ផ្សងៗដែលនៅមានឱកាសរកប្រាក់បាន ធ្វើយ៉ាងណា ឆ្លៀតសន្សំទុកដើម្បីជាទុនសម្រាប់បង្កើតរបរណាមួយនៅពេលឈប់ប្រកួត។
គួររំឭកថា ស៊ឹម ប៊ុនស្រ៊ន់ ធ្លាប់ជាអ្នកវាយគុនចម្រុះល្បីឈ្មោះមួយរូបក្នុងក្រសែភ្នែកអ្នកទស្សនា។ ក្រៅពីក្រសោបបានជើងឯកក្នុងស្រុក គេក៏ធ្លាប់ចេញទៅប្រកួតក្នុងទ្រុងក្រៅស្រុកដូចនៅប្រទេសថៃ, ចិន និង ONE Championship ជាដើម។
ដោយឡែកសម្រាប់កសិដ្ឋានអភិវឌ្ឍន៍កសិកម្មត្រូវបានបើកដំណើរការជាង២ឆ្នាំមកហើយដែលមានទីតាំងនៅភូមិស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម៕